ការប្រកួតមិត្តភាព នៅកីឡដ្ឋានខេត្តព្រៃវែង កាលល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំនៃក្រុម ស.ស.យ.ក.ខេត្តព្រៃវែង ស៊ុតបញ្ចូលទីបាន ១១គ្រាប់ ចំណែកឯក្រុមផ្ការីកគ្រប់រដូវ របស់នាយពាក់មីទទួលបាន ៦គ្រាប់ កាលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅកីឡដ្ឋានខេត្តព្រៃវែង។
ក្នុងនោះ ឧកញ៉ា ហេង ឡុង មកពីក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវរបស់នាយពាក់មី ក៏បានស៊ុតប៉ើងសំណាញ់បាន១គ្រាប់តំបូងគេក្នុងនាទីទី១១:៤១វិនាទី។

សូមជម្រាបជូនថា ដើម្បីអបអរសាទរខួបលើកទី៤៥ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក.ខេត្តព្រៃវែង បានរៀបចំកម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌ប្រមូលថវិកាបរិច្ចាគដល់មណ្ឌលកុមារកំព្រា ក្នុងខេត្តព្រៃវែង ដែលជាការឧបត្ថម្ភដោយ ភេសជ្ជៈប៉ូវកម្លាំង Wurkz របស់អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីបម៉ុង គ្រុប និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

កម្មវិធីប្រកួតបាល់ទាត់មិត្តភាពនេះបានបែងចែកជា ២វគ្គគឺ វគ្គទី១ ការប្រកួតរវាង U12 ខេត្តព្រៃវែង ទល់នឹង U12 ផ្ការីកគ្រប់រដូវ និង វគ្គទី២ ការប្រកួតរវាងថ្នាក់ដឹកនាំខេត្តព្រៃវែង ទល់នឹងក្រុមផ្ការីកគ្រប់រដូវ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំជាច្រើនរូប បានអញ្ជើញចូលរួម ក្នុងនោះរួមមាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា, តំណាងរាស្រ្តខេត្តព្រៃវែង, អភិបាលខេត្តព្រៃវែង, ស្នងការខេត្តព្រៃវែង, ប្រធាន ស.ស.យ.ក ខេត្តព្រៃវែង, អ្នកឧកញ៉ា លាង ម៉េង, ឧកញ៉ា ហេង ឡុង, នាយពាក់មី, តារាចម្រៀង ខេម, គូមា និងនាយគ្រឿន ព្រមទាំងកីឡាករច្រើនរូបទៀត៕







