អ្នកឧកញ៉ា ម៉ុង ឫទ្ធី៖ ការនាំចូលសាច់បង្កកមានគុណភាពទាបយកមកដាក់លក់លើទីផ្សារកំពុងបំផ្លាញវិស័យចិញ្ចឹមសត្វនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

ក្នុងរយៈពេល១០ឆ្នំាចុងក្រោយនេះវិស័យចិញ្ចឹមសត្វនៅកម្ពុជាមានការរីកចម្រើនមិនចាញ់ទៅនឹងបណ្តាប្រទេសជឿនលឿននៅលើពិភពលោកផ្សេងទៀតនោះទេ ប៉ុន្តែត្រូវបានជួបវិបត្តិធ្ងន់ធ្ងរនៅក្នុងឆ្នំា២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វិបត្តិធ្ងន់ធ្ងរនេះបើយោងតាមអ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា និងជាសហប្រធានក្រុមការងារ« ក»វិស័យឯកជនបានអះអាងថាគឺបណ្តាលមកពីការនាំចូលសាច់បង្កកមានគុណភាពទាបយកមកដាក់លក់នៅលើទីផ្សារក្នុងដូចសព្វថ្ងៃនេះវាកំពុងតែបំផ្លាញវិស័យចិញ្ចឹមសត្វនៅកម្ពុជា។

ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីសុវត្ថិភាពសាច់បង្កកសម្រាប់សុខភាពពលរដ្ឋកាលពីថ្ងៃទី៣០ ខែវិច្ឆិកា អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហាញការសប្បាយចិត្តនៅពេលវិស័យចិញ្ចឹមជ្រូកនៅក្នុងស្រុកមានការរីកចម្រើននៅក្នុងរយៈពេល១០ឆ្នំាចុងក្រោយជាពិសេសប្រជាពលរដ្ឋចាប់ផ្តើមការចិញ្ចឹមពីលក្ខណៈគ្រួសាររហូតដល់ក្លាយជាការចិញ្ចឹមតាមបែបពាណិជ្ជកម្មទំនើបដូចប្រទេសជឿនលឿននៅលើពិភពលោក។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី មានប្រសាសន៍ថា«ជាអកុសលវិស័យចិញ្ចឹមសត្វនៅកម្ពុជាកំពុងជួបនឹងវិបត្តិធ្ងន់ធ្ងរនៅឆ្នំា២០២៣នេះ ។កត្តាចំម្បងនៃវិបត្តិមិនមែនបណ្តាលមកពីផលប៉ះពាល់ពីជំងឺកូវីដ១៩ ឬសង្គ្រាមរវាង រុស្ស៊ី អ៊ុយក្រែន,សង្គ្រាមអ៊ីស្រាអែលនិងប៉ាលីស្ទិននោះទេ គឺបណ្តាលមកពីការនាំចូលសាច់បង្កកដែលមានគុណភាពទាបខុសប្រក្រតីជាច្រើនមកលក់នៅលើទីផ្សារតូច-ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។

អ្នកឧកញ៉ា សង្កត់ធ្ងន់ដូច្នេះថា «ការនាំចូលសាច់បង្កកដែលមានគុណភាពទាប គ្មានហេដ្ឋារចនាសម្ព័ន្ធទុកដាក់គ្រប់គ្រាន់ ហើយមិនបានត្រួតពិនិត្យឱ្យបានត្រឹមត្រូវ យកមកដាក់លក់នៅលើទីផ្សារមានតម្លៃទាបហួសប្រមាណគឺកំពុងតែបំផ្លាញវិស័យចិញ្ចឹមសត្វនៅកម្ពុជា និងបំផ្លាញសុខភាពប្រជាពលរដ្ឋកម្ពុជាយើង ព្រោះប្រជាពលរដ្ឋយើងមិនបានដឹង ឃើញតែគេដាក់លក់មានតម្លៃថោកក៏ចេះតែនាំគ្នាទិញយកទៅបរិភោគនិងឃើញនៅតាមភោជនីយដ្ឋានមានលក់អាហារតម្លៃទាបក៏ចេះតែនាំគ្នាចូលហូបពិសេសនៅរៀងរាល់ពេលល្ងាច»។

ពាក់ព័ន្ធនឹងវិស័យចិញ្ចឹមសត្វនេះដែរ អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រាប់អ្នកសារព័ត៌មានថា តម្លៃជ្រូកនៅពេលបច្ចុប្បន្ននេះ ឃើញថាខាតប្រាក់៦០ដុល្លារក្នុងមួយក្បាលជាមធ្យម ហើយក្រោយពេលប្រជុំគណៈរដ្ឋមន្ត្រីរវាងរាជរដ្ឋាភិបាល ផ្នែកឯកជនកន្លងទៅថ្មីៗនេះ យើងបានរកដំណោះស្រាយដើម្បីកាត់បន្ថយនៃការខាតបង់ប្រាក់ឱ្យបានកាន់តែច្រើន ។ខ្ញុំសង្ឃឹមថាយើងនិងមិនមានការបោះបង់ការចិញ្ចឹមសត្វនោះទេ បើបោះបង់យើងនិងអាចនាំចូលសាច់មកពីខាងក្រៅយកមកទទួលទានទៀតហើយ ដូចនេះយើងត្រូវតែតស៊ូបន្តទៀត។

បើតាមអ្នកឧកញ៉ា ម៉ុង ឫទ្ធី ផ្អែកលើបទពិសោធន៍៣០ឆ្នំាលើវិស័យកសិកម្ម កសិឧស្សាហកម្ម បើដំាដំណំាអ្វីមួយហើយខូចខាតអាចធ្វើឡើងវិញ តែចំពោះការចិញ្ចឹមជ្រូកបើដួលរំលំហើយវាមិនងាយងើបឡើងវិញបានទេ បើចង់ឃើញងើបឡើងវិញទាមទារត្រូវមានដើមទុនច្រើនទើបទៅរួច៕ អត្ថបទ៖ សារេត