អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស បានសម្តែងការថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះឧត្តមភរិយារបស់លោក ដែលព្រមរួមវិថីជីវិតជាមួយគ្នានូវគ្រប់កាលៈទេសៈ ពិសេសគឺការចាប់ផ្តើមរកស៊ីពីដើមទុនត្រឹម ១០០០ដុល្លារ។
ក្នុងឱកាសខួបអនុស្សាវរីយ៍ ១៩ឆ្នាំ កាលពីថ្ងៃទី០២ ខែធ្នូ អ្នកឧកញ៉ា បានបង្ហោះសារលើទំព័រហ្វេសប៊ុកថា៖ ” អរគុណឧត្តមភរិយាដែលតែងតែដើរតួជា ប្រពន្ធ ជាម្តាយ ជាកូនប្រសារដ៏សែនល្អមើលថែគ្រួសារដ៏តូចមួយនេះ។ អរគុណដែលតែងតែនៅក្បែរ មើលថែ គាំទ្ររាល់ការសម្រេចចិត្ត គ្រប់កាល:ទេស:មិនថាមានឧបសគ្គអ្វីក៏ដោយ។ អរគុណដែលព្រមទទួលយកវិថីជីវិត ដែលផ្តើមចេញពីលុយ ១ពាន់ដុល្លារ ទាំងមិនដឹងថាមានរឿងអ្វីកើតឡើងថ្ងៃមុខ”។
អ្នកឧកញ៉ា បានបន្ថែមថា មកដល់ថ្ងៃនេះ លោកក៏នៅតែអរគុណដល់ភរិយាដែលនៅតែយល់ព្រមគាំទ្រឱ្យលោកបន្តអាជីវកម្មក្នុងភាពជាថ្នាក់ដឹកនាំប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបានចូលរួមជាថ្នាក់ដឹកនាំគ្រប់អាជីវកម្មទាំងអស់។
សូមជម្រាបថា បច្ចុប្បន្នអ្នកឧកញ៉ា សួរ វីរៈ ជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស និងជាម្ចាស់រីសត ជាច្រើនកន្លែង រួមទាំង កោះស្តេចរីសត, កោះអភិជន រីសត, ភីដូម៉ា រីសត (Pidoma Resort) និងឧទ្យានបោះតង់គិរីរម្យ ព្រមទាំងរីសត ជាច្រើនកន្លែងទៀត។ លោកត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ អ្នកឧកញ៉ា សួរ វីរៈ ក៏ជាសមាជិកថ្មី នៃសភាពាណិជ្ជកម្មកម្ពុជា៕