អ្នកជំនួញល្បីឈ្មោះក្នុងវិស័យគ្រឿងពេជ្រ ផលិតផលសំអាង និងផលិតបំប៉នសុខភាព លោកស្រីឧកញ៉ា ទ្រី ដាណា បានចូលរោងជ័យជាផ្លូវការហើយកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ជាមួយលោក រស់ រាជ្ជសាល ដែលជាកូនអ្នកកោះក្របី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ពិធីរៀបចំអាពាហ៍ពិពាហ៍លោកស្រីឧកញ៉ា ទ្រី ដាណា និងលោក រស់ រាជ្ជសាល ធ្វើពិធីចូលចែចូវ និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនៅភូមិគ្រឹះរបស់លោកស្រីផ្ទាល់នៅខណ្ឌព្រែកព្នៅ ក្រោមវត្តមានលោកមេបាចាស់ទុំរាមច្បងទាំងសងខាង ក្នុងនោះក៏មានវត្តមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត ជាប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ដោយឡែកសម្រាប់ពិធីហែជំនូនចូលរោងជ័យ កាត់សក់បង្កកសិរី សែនចងដៃសំពះផ្ទឹម និងទទួលបដិសណ្ឋារកិច្ចភ្ញៀវកិត្តិយសចូលរួមពិសារភោជនាហាររបស់លោកស្រីធ្វើឡើងនៅសាលសន្និបាត និងប្រារព្ធពិធីមង្គលការ ភីអេច ហ្រេ្គនហល PH Grand Hall របស់អ្នកឧកញ៉ា ថៃ ជាហួត ម្ចាស់ក្រុមហ៊ុនបុរី ប៉េងហួត គ្រុប ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ពិធីមង្គលការលោកស្រីឧកញ៉ា ទ្រី ដាណា ឃើញវត្តមានចូលរួមពីអ្នកឧកញ៉ា ឧកញ៉ា មន្រ្តីរាជការ សិល្បករ សិល្បការិនី អ្នកប្រដាល អ្នកជំនួញចាស់ក្មេងដែលភាគច្រើនសុទ្ធសឹងតែជាអ្នកជំនួញរកស៊ីក្នុងវិស័យគ្រឿងសំអាង ផលិតផលលក់លើបណ្តាញសង្គមនានានៅក្នុងប្រទេសកម្ពុជា៕