លោក ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កូនប្រុសរបស់លោក ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដឹកនាំក្រុមការងារក្រសួង ចុះពិនិត្យទីតាំងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត របស់អ្នកឧកញ៉ា ឃុន សៀ នៅក្រុងអរិយក្រត្ស ខេត្តកណ្តាល ដែលគ្រោងទុនវិនិយោគប្រហែល ៤ពាន់លានដុល្លារអាមេរិក កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
ការចុះពិនិត្យរបស់ក្រុមការងារក្រសួងជំនាញ ដែលដឹកនាំដោយលោក ផារ៉ា មង្គល នេះ បានធ្វើឡើង បន្ទាប់ពីលោក ផាន ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ប្រជុំពិភាក្សាអំពីគម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ដើម្បីសិក្សាលម្អិតលើគម្រោងអភិវឌ្ឍមួយនេះបន្ថែម។
សណ្ឋានដីនៃទីតាំងគម្រោងនេះ ជាទីតាំងដីដុះ ដែលតម្រូវឱ្យមានការចាក់ថ្ម និងចាក់ខ្សាច់ ពីព្រោះពីមុនមកមានការបាក់ដីរហូត។ ការអភិវឌ្ឍ ត្រូវបានគេរំពឹងថានឹងធ្វើឱ្យលែងមានការបាក់ច្រាំងទន្លេពីធម្មជាតិទៀត ព្រោះការអភិវឌ្ឍច្រាំងទន្លេនេះមានលក្ខណៈទ្រង់ទ្រាយធំ និងចំណាយថវិកាច្រើន។
លោក គង់ សោភ័ណ អភិបាលខេត្តកណ្តាល ធ្លាប់បានគូសបញ្ជាក់ថា ក្នុងការចាក់ថ្មរបស់គម្រោងខាងលើ លោកមើលទៅលក្ខណៈប្រហាក់ប្រហែលនឹងការអភិវឌ្ឍនៃតំបន់កោះពេជ្រ និងកោះនរាដែរ។ ម្យ៉ាងទៀត ក្រុមហ៊ុនបានជួលដីរដ្ឋមានកិច្ចសន្យាតាមច្បាប់ត្រឹមត្រូវ ខ្ទង់៥០ឆ្នាំ ហើយទំហំប្រមាណ ៧០ហិកតា ដើម្បីធ្វើការវិនិយោគ អភិវឌ្ឍជាតំបន់ទេសចរណ៍ អគារពាណិជ្ជកម្មខ្ពស់ៗ ខុនដូ ផ្សារទំនើប និងអគារលំនៅឋាន ដែលនឹងអាចជួយជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន។
សូមជម្រាបថា ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត (Khun Sea Import Export Co., Ltd) ទទួលបានសិទ្ធិវិនិយោគលើផ្ទៃដីជាង ៧០ហិកតា ក្នុងរយៈពេល ៥០ឆ្នាំ ដោយមាន សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលខែមេសា ឆ្នាំ២០១៩។ គម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុននេះ មានទទឹង ៦០០ម៉ែត្រ បណ្តោយជិត ៤គីឡូម៉ែត្រ ផ្ទៃក្រឡាជាង ៧០ហិកតា ចាប់ពីកំពង់ចម្លងអរិយក្សត្រ រហូតដល់វត្តសារិកាកែវ ច្រាំងទន្លេមេគង្គ ភាគខាងត្បូងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល៕