ក្រុមហ៊ុន ទ្រី ភាព កោះទន្សាយ រីសត របស់អ្នកឧកញ៉ា ទ្រី ភាព បានបង្ហាញពីទិដ្ឋភាពផែនការមេនៃគម្រោងអភិវឌ្ឍន៍កោះទន្សាយ ខេត្តកែប ដែលគម្រោងចំណាយទុនវិនិយោគប្រមាណ ១៣០លានដុល្លារ នៅក្នុងពិធីបុណ្យសមុទ្រលើកទី១០ កាលពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែធ្នូ នៅខេត្តកែប។


ផែនការមេនៃគម្រោងអភិវឌ្ឍន៍កោះទន្សាយ ត្រូវបានឌីហ្សាញឡើងដោយក្រុមហ៊ុន Osmosis Architects ដែលក្នុងនោះមានទាំង រីសត សណ្ឋាគារ មណ្ឌលកម្សាន្ត ព្រះពុទ្ធរូប និង រ៉តកន្រ្តកខ្សែកាបឆ្លងពីកោះទៅកោះមួយទៀតផង។ គម្រោងអភិវឌ្ឍន៍ដ៏ទាក់ទាញសម្បូរបែបនៅលើកោះទន្សាយនេះ ត្រូវបានគេរំពឹងថានឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើន។
កោះទន្សាយ ជារមណីយដ្ឋានរណបរបស់ខេត្តកែប ដែលអ្នកទេសចរជាតិ និងបរទេសបានទៅទស្សនាខេត្តកែបហើយ តែងតែចង់បន្តដំណើរទៅសម្រាកកម្សាន្តនៅកោះនេះ។ កោះទន្សាយ មានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃទីក្រុងកែប មានចម្ងាយ៤,៥គីឡូម៉ែត្រពីទីក្រុងនេះ ជិះទូករយៈពេលប្រមាណ៣០នាទី ពីកំពង់ផែទេសចរណ៍កោះទន្សាយ។ កោះនេះជារមណីដ្ឋានធម្មជាតិដ៏ល្អប្រណិតរបស់ទីក្រុង ដែលមានលក្ខណៈអំណោយផលពីធម្មជាតិ ព្រោះមានឆ្នេរខ្សាច់ចំនួន២កន្លែង ដែលមានវាលខ្សាច់សពីធម្មជាតិ អាចធ្វើជាកន្លែងសម្រាប់ងូតទឹកកម្សាន្តសប្បាយ។
សូមជម្រាបថា កាលឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តឱ្យក្រុមហ៊ុន ទ្រី ភាព កោះទន្សាយ រីសត ឯ.ក (Try Pheap Koh Tunsay Resorts Co., Ltd) ទទួលបានសិទ្ធិអភិវឌ្ឍន៍កោះទន្សាយរហូត ៥០ឆ្នាំ ដោយចំណាយទុនវិនិយោគរហូត ១៣០លានដុល្លារ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងដំណើរការអភិវឌ្ឍគម្រោងរបស់ខ្លួនយ៉ាងសកម្ម ក្នុងបំណងបង្កើតទីក្រុងរណបថ្មីមួយ រួមទាំងមណ្ឌលកម្សាន្តដ៏សម្បូរបែប៕











