អ្នកឧកញ៉ា សៀ ឫទ្ធី អមដំណើរអតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី ចូលជួបសម្តែងការគួរសមសម្តេចតេជោ ហ៊ុន សែន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សៀ ឫទ្ធី ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប (World Bridge Group) និង​ជា​អនុប្រធាន​សមាគមឧកញ៉ាកម្ពុជា ទទួលបន្ទុកទំនាក់ទំនងសាធារណៈ និងអន្តរជាតិ ​​បាន​អញ្ជើញ​អមដំណើរ​លោក​ ​Georege Yeo អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ​ជាមួយ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ​​នៅវិមាន៧មករា ​​នា​ព្រឹក​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្ពុជា-សិង្ហបុរី កំពុង​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​​បន្ថែម​ទៀត លើ​វិស័យ​អាទិភាព​មួយ​ចំនួន។ កាល​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ​ក៏​បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក លី សៀន ឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី ក្នុង​គោលបំណង​ពង្រឹងទំនាក់ទំនង និងកិច្ច​សហ​ប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

​​ជាមួយ​គ្នា​នេះ កាល​ថ្ងៃទី២ ខែ​វិច្ឆិកា ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏​បានរៀបចំពិធីចុះហត្ថ​លេខា​លើ “ពិធីសារទី ២” ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃ​សាធារណរដ្ឋសិង្ហបុរី ស្តីពី “ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ​ពាក់ព័ន្ធនឹង​ពន្ធ​លើប្រាក់ចំណូល(Double Taxation Agreement-DTA)” ដែល​ចុះហត្ថលេខាដោយលោក​ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី​ Teo LayCheng ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរដ្ឋាភិបាលសិង្ហបុរី។

ក្នុង​ឱកាសជំនួប​ជាមួយ​​ប្រធានស្ថាប័នចារកម្ម នៃប្រទេសសិង្ហបុរី កាល​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេច​តេជោ ហ៊ុន សែន បានសូមឱ្យសិង្ហបុរី លើកទឹកចិត្ត ជំរុញការតភ្ជាប់ ជាពិសេសការតភ្ជាប់តាម ផ្លូវអាកាស ដោយ​ជំរុញឱ្យទេសចរណ៍ដែលមកដល់សិង្ហបុរី ហើយ​បានបន្តមកដល់កម្ពុជាផង ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការ​លើវិស័យអប់រំ និងកិច្ចសហប្រតិបត្តិការលើការផ្ដល់សេវាសុខាភិបាល។

សូម​ជម្រាប​ថា អ្នកឧកញ៉ា សៀ ឫទ្ធី ជា​អ្នកជំនួញ​លេចធ្លោរ​មួយ​រូប​នៅ​កម្ពុជា ​បាន​ចាប់ផ្តើមប្រឡូកក្នុងអាជីវកម្ម​តាំងពីឆ្នាំ១៩៩២។ អ្នកឧកញ៉ា ជាម្ចាស់អគារខ្ពស់កប់ពកជាប់នឹងតំបន់កោះពេជ្រ The Peak ដែល​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ៥៨០ លាន​ដុល្លារ និង​ជា​ម្ចាស់ ​“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” តម្លៃ​ជាង​ ២០០​លាន​ដុល្លារ​។ អ្នកឧកញ៉ា មានក្រុមហ៊ុន​ធំៗ​ប្រមាណ ៣០​នៅក្នុងដៃលើពហុវិស័យ ពិសេសក្នុងវិស័យអចលនទ្រព្យ ភស្តុភារកម្ម និងដឹកជញ្ជូន រួម​ទាំង​ធនាគារ ប្រ៊ីដ (Bridge Bank) ដែលទើបប្រកាសបើកសម្ពោធជាផ្លូវការ កាលខែមិថុនា ឆ្នាំ២០២៣ កន្លង​ទៅ​ថ្មីៗ​នេះ​ផងដែរ។ បច្ចុប្បន្នអ្នកឧកញ៉ា មានតួនាទីជា​អនុប្រធាន​សមាគម​អ្នកអភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា, ​អនុប្រធានសមាគមឧកញ៉ាកម្ពុជា ទទួលបន្ទុកទំនាក់ទំនងសាធារណៈ និងអន្តរជាតិ និង​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល ដែល​​ទទួល​បាន​ការ​តែងតាំង​ កាលពី​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣៕