គីរីផាក រេស៊ីដេន & រីសត (KiriPark Residence &Resort) របស់ក្រុមហ៊ុន ហាន ថុង គ្រុប (Han Thong Group) ដែលមានលោកឧកញ៉ា លីម លាង ជាប្រធានក្រុមប្រឹក្សាភិបាល គឺជារីសតលំដាប់ផ្កាយ៥ ដំបូងគេនៅក្នុងប្រទេសកម្ពុជាអភិវឌ្ឍដោយជនជាតិខ្មែរ។

គីរីផាក រេស៊ីដេន & រីសត ស្ថិតនៅតំបន់កណ្តាលនៃរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលជាទីក្រុងធំទាំងពីរប្រចាំប្រទេសកម្ពុជា ដោយធ្វើដំណើរត្រឹម ៣០នាទីពីក្រុងព្រះសីហនុ និងប្រមាណ ១ម៉ោងកន្លះពីរាជធានីភ្នំពេញ។ កត្តាភាពងាយស្រួលក្នុងការធ្វើដំណើរ ដោយមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុផងនោះ បានទាក់ទាញភ្ញៀវទេសចរមកពីបណ្តាលប្រទេសនានា ទៅកម្សាន្តយ៉ាងកុះករ។ គីរីផាក រេស៊ីដេន & រីសត ស្ថិតនៅភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ក្រុងព្រះសីហនុ ជារីសតមានបរិយាកាសស្ងប់ស្ងាត់ ទេសភាពស្រស់ស្អាត ជាកន្លែងលក្ខណៈលំហែកាយ ដែលបានធ្វើឱ្យភ្ញៀវទេសចរដក់ជាប់អារម្មណ៍ និងជាតំបន់លំហែកាយដ៏ពេញនិយមជាងគេមួយនៅកម្ពុជា។
ចំពោះអ្នកដែលចង់ចំណាយពេលវេលាមិនអាចបំភ្លេចបានភ្ជាប់ជាមួយធម្មជាតិនោះ គីរីផាក រេស៊ីដេន & រីសត ពិតជាឋានសួគ៌សម្រាប់ការលំហែកាយ និងវិស្សមកាល ព្រោះមាននូវរុក្ខជាតិបៃតងខៀវស្រងាត់ អច្ឆរិយៈនៃធម្មជាតិដ៏ស្រស់បំព្រង និងទឹកធ្លាក់ជ្រលងភ្នំ ការដើរកំសាន្តបែបផ្សងព្រេងក្នុងបរិយាកាសធម្មជាតិដ៏ស្ងប់ស្ងាត់ ឬការលំហែកាយក្នុងសកម្មភាពជាច្រើនបែបលក្ខណៈគ្រួសារ ជាដើម។

សូមជម្រាបថា តំបន់អភិវឌ្ឍបែបទេសចរ គីរីផាក រេស៊ីដេន & រីសត ជាគម្រោងដ៏ពិសេសមួយ ដែលបង្កើតឡើងយ៉ាងយកចិត្តទុកដាក់ពីក្រុមហ៊ុន Han Thong Group។ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនមួយនេះជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យខ្នាតធំដែលមានទីតាំងនៅលើភ្នំ លាតសន្ធឹងលើផ្ទៃដីទំហំ ៣០០ ហិចតា និងរួមបញ្ចូលយ៉ាងល្អឥតខ្ចោះនូវកត្តាអំណោយផលចំនួនប្រាំមួយ រួមមាន៖ ១)សីតុណ្ហភាពរស់នៅសមស្រប ២)មធ្យោបាយធ្វើដំណើរងាយស្រួល ៣)បរិយាកាសធម្មជាតិល្អសម្រាប់សុខភាព ៤)ប្រព័ន្ធអគ្គីសនីនិងទឹកគ្រប់គ្រាន់ ៥)ទេសភាពធម្មជាតិស្រស់បំព្រង និង ៦)មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធមានភាពទំនើបគ្រប់គ្រាន់៕






