អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះត្រួតពិនិត្យការដ្ឋានសំណង់អគារពហុមុខងារ រ៉ូយ៉ាល់ ផ្លាទីនឹម របស់អ្នកឧកញ៉ា គិត ម៉េង ដែលមានកម្ពស់២៨ជាន់បានសាងសង់រួចរាល់ នៅសល់តែការងារសម្អាតប៉ុណ្ណោះ មានទីតាំងស្ថិតនៅភូមិ៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមរយៈការចុះត្រួតពិនិត្យកាលពីពេលថ្មីៗនេះក្រុមការងារនៃអគ្គនាយកដ្ឋានសំណង់ បានធ្វើការណែនាំដល់ម្ចាស់សំណង់ដែលមានអ្នកឧកញ៉ា គិត ម៉េង រួមមាន៖ ទី១. ត្រូវយកចិត្តទុកដាក់លើគុណភាព និងសុវត្ថិភាពសំណង់ និងគោរពទៅតាមបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការដ្ឋានសំណង់។ ទី២. ម្ចាស់សំណង់យកចិត្តទុកដាក់លើសុវត្ថិភាពទាំងក្នុង និងក្រៅការដ្ឋានសំណង់ ដើម្បីធានាឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យ សោភ័ណភាព បរិស្ថានល្អ និងសុខដុមរមនាជាមួយនឹងអ្នកជិតខាង និងសាធារណៈ។ ទី៣. អំពីច្បាប់ស្តីពីសំណង់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការដ្ឋានសំណង់។ និងទី៤. អនុវត្តឱ្យបានត្រឹមត្រូវតាមលិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋានសាងសង់ និងបទដ្ឋានគតិយុត្តនគរូបនីយកម្ម និងសំណង់។

សូមជម្រាបថា គម្រោងអគារខុនដូប្រណិត «រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម» នៃក្រុមហ៊ុន រ៉ូយ៉ាល់ហុងឡៃហួត វ័ន ឯ.ក គឺប្រសូត្រចេញពីការវិនិយោគរួមគ្នារវាងក្រុមហ៊ុនធំៗដ៏ល្បីពីរ គឺក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន ហុងឡៃហួត គ្រុប របស់សិង្ហបុរី។ គម្រោងនេះ«រ៉ូយ៉ាល់ ផ្លាទីនឹម» បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០១៩៕








