អ្នកឧកញ៉ា ពុង ឃាវសែ សរសើរផលិតរបស់វៀតណាមមានគុណភាពល្អ និងអាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិ

ជុំវិញ​ឧកញ៉ា

ពាណិជ្ជករចាស់វស្សាកំពុងគ្រប់គ្រងអាណាចក្រជំនួញប្រាក់ពាន់លានជាច្រើនគម្រោងធំៗនៅក្នុងប្រទេសកម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានសម្តែងនូវការសរសើរទៅលើគុណភាពផលិតផលរបស់វៀតណាមនាពេលបច្ចុប្បន្ននេះ ថាល្អប្រសើរជាងឆ្នាំមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីបើកសម្ពោធការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិឆ្នាំ២០២៣ កាលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ អ្នកឧកញ៉ា ពុង ឃាវសែ លើកឡើងថា ផលិតផលរបស់វៀតណាមនាពេលបច្ចុប្បន្នគឺល្អប្រសើរនិងមានគុណផងដែរដែលអាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិបាន។

អ្នកឧកញ៉ាបន្តថា៖ «បើប្រៀបធៀបនឹង៣០ឆ្នាំមុន យើងទាំងអស់គ្នាសុទ្ធតែដឹងថាផលិតផលរបស់វៀតណាមមិនល្អនោះទេ។ ជាក់ស្ដែងខ្ញុំបានទៅអីវ៉ាន់នៅផ្សាររបស់វៀតណាម អ្វីក៏មិនល្អ អ្វីក៏មិនល្អ… ចុងក្រោយសម្រេចទិញម្សៅសាប៊ូ តែពេលប្រើប្រាស់មិនដឹងជាម្សៅអ្វីឱ្យពិតប្រាកដនោះទេ។ តែឥឡូវបច្ចេកទេសនិងគុណភាពរបស់វៀតណាមគឺល្អមិនដូចមុនទៀត។ ដូចដែលឃើញនៅថ្ងៃនេះ ឬនៅក្នុងឆ្នាំនេះ ក្រុមហ៊ុនរបស់វៀតណាមចំនួនបីបានយកផលិតផលរបស់ខ្លួនមកដាក់តាំងលក់។ ក្នុងន័យនេះ យើងអាចដឹងបានហើយថា ផលិតផលរបស់វៀតណាមនាពេលបច្ចុប្បន្នអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិបាន»។

នាយកដ្ឋានការិយាល័យស្ថិតិវៀតណាម បានបង្ហាញថា ការនាំចេញរបស់វៀតណាមមានចំនួនសរុប ២៥៨ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៩ខែឆ្នាំ២០២៣នេះ ធ្លាក់ចុះ ៨% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។

សារព័ត៌មានក្នុងស្រុកវៀតណាម បានឲ្យដឹងថា អំឡុងពេលនេះ ការនាំចូលរបស់វៀតណាម សម្រេចបានជាង ២៣៧ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះប្រមាណ ១៤% ដែលធ្វើឱ្យ វៀតណាម សម្រេចអតិរេកពាណិជ្ជកម្មជាង ២១ពាន់លានដុល្លារអាមេរិក ដែលនាំចេញពីឧស្សាហកម្មសំខាន់ៗជាច្រើន រួមទាំងអេឡិចត្រូនិក កុំព្យូទ័រ ទូរស័ព្ទ គ្រឿងបន្លាស់ទូរស័ព្ទ និងវាយនភណ្ឌ។

បើនិយាយអំពីការធ្វើ​ពាណិជ្ជកម្ម​ទំនិញ​ទ្វេភាគី​កម្ពុជា​-​វៀតណាម នៅក្នុង​រយៈពេល ១០​ខែ​ឆ្នាំ​២០២៣នេះ គឺមាន​ទឹកប្រាក់​សរុប​ជិត ៥,៣ ​ពាន់​លាន​ដុល្លារ​កើន​ជាង ៥​ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​២០២២ ដោយ​ក្នុងនោះ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​វៀតណាម មាន​ជិត ២,៣​ ពាន់​លាន​ដុល្លារ កើន​ជិត ៣៦​ ភាគរយ​។ បើ​តាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា៕