គោរមងារ «អ្នកឧកញ៉ា» ជាងារកិត្តិយសមួយ ដែលព្រះករុណាម្ចាស់ផែនដី ស្ដេចទ្រង់សព្វព្រះទ័យ ប្រទានដល់ កូនចៅប្រជារាស្ត្រដែលជាអ្នកមានអាជីវកម្មសុច្ចរិត មានទ្រព្យសម្បត្តិស្តុកស្តម្ភ ច្រើនលើសអស់បណ្ដាជនដទៃ ហើយដែលបានរួមបរិច្ចាគទ្រព្យធន វិភាគទានចូលរួមចំណែកយ៉ាងច្រើនជួយកសាងជាតិ ជួយប្រជារាស្ត្រ ជួយផ្នែកមនុស្សធម៌សង្គម ក្នុងព្រះនគរ ហើយទទួលបានការគោរព ស្រឡាញ់ពីបណ្តារជន ប្រជារាស្រ្តទូទៅ ទើបទទួលបានងារកិត្តិយសនេះ។

យ៉ាងណា គោរមងារ «អ្នកឧកញ៉ា» យោងទៅតាមបញ្ជីរាយនាម អ្នកឧកញ៉ា ឧកញ៉ា ចុះនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បញ្ជាក់ថានៅកំឡុងឆ្នាំ២០០០ មានបុគ្គលតែ២រូបប៉ុណ្ណោះទទួលបាន គឺ៖
១. លោក ហេង ខេងសេង ទទួលបានងារ អ្នកឧកញ៉ា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០០០ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៥០០/០៨៣។
២. លោក ហ៊ុន តូ ទទួលបានងារ អ្នកឧកញ៉ា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០០០ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៥០០/០៨៤។
សូមជម្រាបជូនបន្ថែមថា តាមសៀវភៅរាជកិច្ច ដែលចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្រ្តី នៅអំឡុងឆ្នាំ២០០០ សប្បុរសជន ២រូបខាងលើគឺទទួលបានគោរមងារ «អ្នកឧកញ៉ា» ដោយមិនធ្លាប់មានប្រវត្តិទទួលងារ «ឧកញ៉ា»នោះទេ ។
តាមរបាយការណ៍របស់សមាគមឧកញ៉ាកម្ពុជា គិតមកដល់ឆ្នាំ២០២៣ នេះ បុគ្គលមានគោរមងារ អ្នកឧកញ៉ា និងឧកញ៉ា សរុបមានចំនួនជាង ១៣០០នាក់ហើយ ៕
អត្ថបទ៖ សុកធា