អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងជាប្រធានសមាគមឧកញ៉ាកម្ពុជា និងឥស្សរជនចំនួន ២២រូបត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតសម្រេចជ្រើសតាំងជា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។
បើតាមបញ្ជីឈ្មោះបេក្ខជនសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល បានបង្ហាញនូវឥស្សរជនចំនួន ២៣រូបនោះរួមមាន៖ លោក វង សូត, លោក ស៊ុន ចាន់ថុល, លោក ហង់ជួន ណារ៉ុន, លោក សាយ សំអាល់, លោក ស សុខា, លោក ទៀ សីហា, លោក កើត រិទ្ធ, លោក សុខ ចិន្តាសោភា, លោក វង្សី វិស្សុត, លោក ឱម យ៉ិនទៀង, លោក ជីវ កេង, លោក អ៊ុច បូររិទ្ធ, ឧកញ៉ា អូស្មាន ហាស្សាន់, លោក ហ៉ីង ប៊ុនហៀង, លោក ម៉ៅ សុផាន់, លោក ទៀ វិញ, លោក សឹង សំណាង, លោក ស ថេត, អ្នកឧកញ៉ា លី យ៉ុងផាត់, លោកស្រី ជា សិរី, លោក សោម សឿន, លោក ហ៊ុន ម៉ានី និងលោក ប៉េង ពោធិ៍នា។
សូមជម្រាបជូនថា សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ទៅនៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា វិមាន ៧មករា។
ក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៤ អាណត្តិទី៥ បានបោះឆ្នោតជ្រើសតាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជា«អនុប្រធានគណបក្សប្រជាជនកម្ពុជា»។