ក្រុមហ៊ុនបុរីពិភពថ្មី របស់អ្នកឧកញ៉ា ហុង ពីវ បានទិញផ្ទះចូលវិញបានជាង ១ពាន់ផ្ទះ ដោយចំណាយអស់ទឹកប្រាក់ប្រមាណជិត ១២លានដុល្លារ ត្រឹមរយៈពេលមួយខែ ដើម្បីសម្រាលដល់ការលំបាករបស់អតិថិជន ក្នុងបរិបទវិបត្តិអចលនទ្រព្យ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន បុរីពិភពថ្មី បានបង្ហាញឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុនបានទិញផ្ទះចូលវិញបានចំនួន ១០០១ផ្ទះ ចំណាយប្រាក់អស់ប្រមាណ ១១,៧៧៣,៥១៥ដុល្លារអាមេរិក។ ជាមួយគ្នានោះ ក្រុមហ៊ុនក៏បានរៀបចំឥណទានឡើងវិញ ជូនដល់អតិថិជន បានចំនួន ៣៥ផ្ទះផងដែរ។
អ្នកឧកញ៉ា ហុង ពី ក៏សូមថ្លែងអំណរគុណដល់អតិថិជនដែលបានយល់ និងគាំទ្រលក្ខខណ្ឌថ្មីរបស់ក្រុមហ៊ុន។ លោកធ្លាប់បានបញ្ជាក់ថា ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកចំណូលធ្លាក់ចុះយ៉ាងគំហុក ក៏លោកខិតខំប្រឹងប្រែងប្រមែប្រមូលប្រាក់ពីគ្រប់ផ្នែក ដើម្បីយកមកទប់ទល់នឹងស្ថានការណ៍បច្ចុប្បន្ននេះ។

សូមជម្រាបថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុនបុរីពិភពថ្មី របស់អ្នកឧកញ៉ា ហុង ពីវ បានប្រកាសទទួលទិញផ្ទះពីអតិថិជនវិញ ៥០% នៃប្រាក់ដែលបានបង់ប្រចាំខែ (ប្រាក់ដើមបូកការប្រាក់) បន្ទាប់ពីមានការតវ៉ាពីអតិថិជនជាច្រើនស្នើឱ្យក្រុមហ៊ុនទិញផ្ទះវិញ ដោយសារគ្មានលទ្ធភាពបង់សងបន្តទៀត ក្នុងគ្រាដែលមានបញ្ហាសេដ្ឋកិច្ចជាសកល៕