លោក តាន់ ស្រុី (Tan Sri Dr. Chen Lip Keong) ស្ថាបនិក និងនាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន NagaCorp Ltd បានទទួលមរណភាពក្នុងជុន្មាយុ៧៥ឆ្នាំ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅសហរដ្ឋអាមេរិក ដោយសារជំងឺ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន NagaCorp។
លោក តាន់ ស្រុី ជាមហាសេដ្ឋីជនជាតិម៉ាឡេស៊ី។ លោកទទួលបានគោរមងារជា «Tan Sri» ដែលជាគោរមងារលំដាប់កំពូលទី២ នៅម៉ាឡេស៊ី ប្រៀបដូចជាគោរមងារ «ឧកញ៉ា» នៅកម្ពុជាផងដែរ។
បើតាមទស្សនាវដ្ដី Forbes លោក តាន់ ស្រុី ឈរនៅលេខរៀងទី៥០ នៅក្នុងបញ្ជីឈ្មោះអ្នកមានរបស់ពិភពលោក ក្នុងឆ្នាំ២០២៣ និងជាអ្នកមានជាប់លេខ៧ ក្នុងប្រទេសម៉ាឡេស៊ី ដោយមានទ្រព្យសម្បត្តិសរុប ២.៨ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Nagacorp បានឲ្យដឹងថា ក្រោយមរណភាពរបស់លោក តាន់ ស្រុី ក្រុមប្រឹក្សាភិបាលនៃ NagaCorp បានសម្រេចតែងតាងលោក Chen Yiy Fon កូនប្រុសរបស់លោក តាន់ ស្រុី ឱ្យឡើងកាន់តំណែងជំនួសឪពុក ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣តទៅ។
លោក តាន់ ស្រុី បានបង្កើត ណាហ្គាវើល នៅកម្ពុជាក្នុងអំឡុងឆ្នាំ១៩៩៥។ តាំងពីពេលចាប់បដិសន្ធិមក ណាហ្គាវើល បានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់។ បច្ចុប្បន្ន ណាហ្គាវើល ត្រូវបានគេទទួលស្គាល់ថាជាសណ្ឋាគារ កាស៊ីណូដ៏ល្បីល្បាញ និងល្អប្រណីតក្នុងតំបន់ឥណ្ឌូចិន អាស៊ីអាគ្នេយ៍ និងជុំវិញពិភពលោក។
សូមជម្រាបជូនថា មហាសេដ្ឋី តាន់ ស្រុី កន្លងមកធ្លាប់ចូលរួមបរិច្ឆាគថវិកាជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ ដូចជា ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, ការបោសសម្អាតមីន ព្រមទាំងបរិច្ចាគសកម្មភាពផ្សេងៗជាច្រើនទៀត៕