អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយ សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នាទីក្រុងហាណូយ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅប្រទេសវៀតណាម រយៈពេលពីរថ្ងៃ ចាប់ពីទី១១ ដល់ទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ។
បើតាមសភាពាណិជ្ជកម្មកម្ពុជា គោលបំណងសំខាន់នៃអនុស្សរណៈយោគយល់នេះ គឺដើម្បីជួយជំរុញ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរតាមរយៈការផ្លាស់ប្តូរ ព័ត៌មាន និងការរៀបចំព្រឹត្តិការណ៍ធុរកិច្ចរួមគ្នា ដូចជា ពិព័រណ៍ពាណិជ្ជកម្ម វេទិកាធុរកិច្ច ទស្សនកិច្ចធុរកិច្ច និងសិក្ខា សាលា ជាដើម។
សូមបញ្ជាក់ថា សភាពាណិជ្ជកម្មទាំងពីរ នឹងជួបពិភាក្សាគ្នាជាទៀងទាត់ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងទស្សនៈ អំពីការពង្រីកទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ច។
តាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ាន ខណៈពាណិជ្ជកម្មទ្វេភាគីបានគ្របដណ្ដប់ជិត ៥០ភាគរយនៃពាណិជ្ជកម្មសរុបរវាងកម្ពុជា និងបណ្ដាប្រទេសសមាជិកអាស៊ានផ្សេងទៀត នៅឆមាសទី១ ឆ្នាំ ២០២៣។ក្នុងនោះ កម្ពុជាបាននាំចេញទៅវៀតណាម ក្នុងទំហំទឹកប្រាក់ជាង ១ ៤២៩ លានដុល្លារ កើនឡើងជិត ២២ ភាគរយ ខណៈដែលកម្ពុជានាំចូលពីវៀតណាមមកវិញមានទំហំទឹកប្រាក់ជាង ១ ៨៧២ លានដុល្លារ ថយចុះជាង ១០ ភាគរយ បើធៀបនឹងឆមាសទី១ ក្នុងឆ្នាំ ២០២២៕