ឧកញ៉ា ជា តុងហ៊ួរ ស្ថាបនិក និងជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Khmer Express Realty Co., Ltd និង ជាម្ចាស់សៀវភៅ Mind Map យល់ឃើញថា ក្នុងនាមយើងជាសហគ្រិន ពេលជួបនូវបញ្ហា ត្រូវរក្សាលំនឹងផ្លូវចិត្តឱ្យបាន និងត្រូវរកដំណោះស្រាយដោយភាពច្បាស់លាស់។
លើកឡើងនៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ ឧកញ៉ា ជា តុងហ៊ួរ មើលឃើញថា ស្របពេលដែល ពិភពលោក កំពុងជួបនូវ វិបត្តិសេដ្ឋកិច្ចសកល ក្នុងកំឡុងពេលយើងបាននឹងកំពុងជួបនៅ ជំងឺរាតត្បាតកូវីដ-១៩, សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, សង្រ្គាមប៉ាឡេស្ទីន-អ៊ីស្រាអែល សហគ្រិនទាំងអស់ត្រូវមានលំនឹងផ្លូវចិត្ត និងចាប់ផ្ដើមគិត រកដំណោះស្រាយ ផ្សេងៗដើម្បីឱ្យជំនួញឬអាជីវកម្មរបស់ខ្លួនឈរជើងទៅមុខ។
លោកឧកញ៉ា បញ្ជាក់ថា វិបត្តិសេដ្ឋកិច្ចសកល គ្មាននរណាអាចដឹងមុនបាននោះទេ ហើយសហគ្រិនក៏មិន ត្រូវ បន្ទោស នរណានោះដែរ ប៉ុន្ដែត្រូវព្យាយាមទប់ខ្លួនឱ្យជាប់ ដោយមិនបាក់នូវស្មារតី បាត់បង់នូវភាពស្នូលរបស់ខ្លួន ព្រលឹងវិញ្ញាណរបស់ខ្លួន និងក្ដីសង្ឃឹមរបស់ខ្លួននោះទេ ប្រសិនបើបាត់បង់អ្វីទាំងអស់នេះ គឺស្មើនឹងបាត់បង់ អ្វីគ្រប់ យ៉ាងតែម្ដង។
មនុស្សយើងកើតមកខ្លួនទទេ មិនមានលុយមកតាមនោះទេ ហេតុនេះនៅពេលដែលយើងបាត់បង់ លុយ ដែល រកបាន ឬរកស៊ីខាត គឺស្មើនឹងយើងមិនមានបាត់បង់ ព្រោះត្រូវចាំថា យើងកើតមកទទេ ទៅវិញក៏ទទេ តែអ្វី ដែល យើងត្រូវធ្វើនៅពេលដែលបាត់បង់ចំណូល ដែលជាកត្តានាំឱ្យពិបាកក្នុងការបន្តទៅមុខក្នុងវិស័យជំនួញ យើង ត្រូវរកវិធីសាស្រ្តដោះស្រាយផ្សេងៗតាមដែលអាចធ្វើទៅបាន ដូចជា បង្កើតមុខរបរថ្មីដែលអាចរក ចំណូលឱ្យ រាល់ថ្ងៃ ដូចជា ហាងអាហារ ហាងលក់សម្លៀកបំពាក់ប្រើប្រាស់ប្រចាំថ្ងៃជាដើម។ នៅពេលដែលទទួលបាន ចំណូល មកពីគ្រប់ផ្នែកបែបនេះ យើងអាចយកទៅទប់លំនឹងអាជីវកម្មធំរបស់យើងបាន។ ឧកញ៉ា ជា តុង ហ៊ួរ បញ្ជាក់បន្ថែម។
ម្ចាស់សៀវភៅ Mind Map បន្តថា សហគ្រិនពេលជួបវិបត្តិសេដ្ឋកិច្ច គួរចាប់គិតឡើងវិញពីប្រភពចំណូល ប្រភពចំណាយឱ្យបានច្បាស់លាស់ ទើបងាយស្រួលក្នុងការកែប្រែស្ថានការណ៍។ ប្រសិនបើចំណូលមិន សមាមាត្រ នឹងចំណាយ យើងត្រូវកាត់បន្ថយចំណាយចេញខ្លះដែលមិនចាប់បាច់។ ហើយបើដឹងថា ចំណូលបាន ពីប្រភពណាច្រើន គួរខំប្រឹងលើផ្នែកនោះកាន់តែខ្លាំងលើសមុន។
សូមជម្រាបជូនផងដែរ ឧកញ៉ា ជា តុងហ៊ួរ ជានិច្ចកាល តែងតែចែករំលែកបទពិសោធន៍ ធ្វើអាជីវកម្មដល់ សហគ្រិន ឬសារធារណៈជន ដោយមិនគិតប្រាក់ ហើយបាននិពន្ធសៀវភៅថ្មីស្រឡាងមួយ មាន ចំណង ជើង ថា «Mind Map ផែនទីផ្នត់គំនិត» ដើម្បីបានជាគតិខ្លះដល់សារធារណៈជន ជាពិសេសសហគ្រិន ផង ដែរ៕
អត្ថបទ៖ សុកធា