ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC បានដឹកនាំ និងរៀបចំសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩” ជូនដល់សមាជិក FASMEC នៅខេត្តកោះកុង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងវគ្គសិក្ខាសាលានេះ ក៏មានការចូលរួមពីអភិបាលរងខេត្តកោះកុង ព្រមទាំងដៃគូសហការឧបត្ថម្ភនានា និងមានSMEចូលរួមប្រមាណ ១០០នាក់ផងដែរ។

បើតាម FASMEC គោលបំណងនៃកម្មវិធីសិក្ខាសាលានេះ គឺដើម្បីចែករំលែកអំពីខ្សែសង្វាក់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងជួយបំពេញបន្ថែមនូវចំណេះដឹងដែលម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តនៅមានចំណុចខ្វះខាត។

គួរបញ្ជាក់ថា សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) កន្លងមក តែងតែរៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩» នៅបណ្តាខេត្តផ្សេងៗ ដើម្បីឱ្យម្ចាស់សហគ្រាស ឬអាជីវកម្មអាចលើកពីផលវិបាកដែលទាក់ទងនឹងការលក់ផលិតផលក្នុងស្រុក និងការនាំចេញ លើសពីនោះក៏ជាការចែករំលែកខ្សែសង្វាក់ទីផ្សារក្នុងការនាំចេញ និងចែករំលែកចំណេះដឹងផ្សេងៗដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមផងដែរ៕



