ឧកញ៉ា ប៉ិច បូឡែន ប្រធានថ្នាក់ជាតិនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងប្រធាននាយកប្រតិបត្តិនៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានដឹកនាំក្រុមប្រឹក្សាភិបាល និងសមាជិកចូលជួបលោក ពេញ ធារម្យ អភិបាលរងនៃគណអភិបាលខេត្តកំពត ក្នុងគោលបំណងសម្តែងការគួរសម ធ្វើការបង្ហាញ និងស្នើសុំការត្រួតពិនិត្យនិងប្រសាសន៍ចូលរួមបន្ថែម ទៅលើការរៀបចំសៀវភៅមគ្គុទេសក៍វិនិយោគសម្រាប់ខេត្តកំពត កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងជំនួបកិច្ចប្រជុំដែលធ្វើឡើងនៅសាលាខេត្តកំពតនេះ ឧកញ៉ា ប៉ិច បូឡែន បានមានប្រសាសន៍ថា សៀវភៅមគ្គុទេសក៍វិនិយោគនេះ គឺជាធនធានយ៉ាងសំខាន់ខ្លាំងណាស់ សម្រាប់ទាក់ទាញ និងជំរុញឱ្យអ្នកវិនិយោគទាំងក្នុង និងក្រៅស្រុកមកធ្វើការវិនិយោគតាមខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរ លោក ពេញ ធារម្យ អភិបាលរងខេត្តកំពត និងមន្ត្រីជំនាញពាក់ព័ន្ធ ក៏បានមានប្រសាសន៍ចូលរួម និងណែនាំបន្ថែម ដែលនឹងធ្វើឱ្យសៀវភៅមគ្គុទេសក៍វិនិយោគកាន់តែលម្អិត ច្បាស់លាស់ និងសម្រេចក្នុងពេលឆាប់ៗ។ លោក ពេញ ធារម្យ ក៏បានសម្តែងការគាំទ្រសមាគមសហគ្រិនវ័យក្មេងពេញទំហឹង និងរីករាយស្វាគមន៍ជានិច្ចក្នុងការបើកសាខាសមាគមសហគ្រិនវ័យក្មេងខេត្តកំពត ក្នុងពេលឆាប់ៗខាងមុខនេះ។
ខេត្តកំពត ជាខេត្តដែលមានសក្តានុពលមួយយ៉ាងខ្លាំងក្លាក្នុងចំណោមខេត្តជាប់តំបន់សមុទ្រទាំង៤ ដែលពោរពេញទៅដោយធនធានធម្មជាតិយ៉ាងសម្បូរបែប រួមមានទាំងភ្នំ សមុទ្រ ព្រែក ព្រមជាមួយនឹងអាកាសធាតុ ដែលជាកត្តាអំណោយផលដល់ការវិនិយោគលើវិស័យជាច្រើនដូចជា ទេសចរណ៍ ឧស្សាហកម្ម និងកសិកម្មជាដើម៕