ក្រោយចាកចេញពីតំណែងអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា តើអ្នកឧកញ៉ា និងម្ចាស់ធនាគារធំៗក្នុងស្រុកនិយាយអ្វីខ្លះពីលោក ជា ចាន់តូ?

ជុំវិញ​ឧកញ៉ា

ក្នុងអណត្តិទី៧នេះ សមាសភាពរាជរដ្ឋាភិបាលកម្ពុជាសុទ្ធសឹងតែជាអ្នកដឹកនាំបន្តវេនដែលពោរពេញដោយសមត្ថភាព និងបានសិក្សារៀនសូត្រខ្ពង់ខ្ពស់ពីបណ្តាប្រទេសអភិវឌ្ឍន៍ជឿនលឿនលើពិភពលោក។ ក្នុងនោះធនាគារជាតិនៃកម្ពុជាដែលជាធនាគារកណ្តាលក៏បានផ្លាស់ប្តូរក្បាលស៊ីនដឹកនាំផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ជា សិរី ត្រូវបានព្រះមហាក្សត្រតែងតាំងជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ២០២៣ ជំនួសលោក ជា ចាន់តូ ដែលជាឪពុកបង្កើតបន្ទាប់ពីកាន់តំណែងអស់រយៈពេល​ប្រមាណ ២៥​ឆ្នាំ​មក​ហើយ បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៨ មក​ដល់​ពេល​បច្ចុប្បន្ន។

មុន​ទទួល​បាន​តួនាទី​ជា​អគ្គទេសាភិបាល​នេះ លោក ជា ចាន់តូ ធ្លាប់​ទទួល​ខុសត្រូវ​ធំ​នៅ​ធនាគារ​កណ្តាល ក្នុង​តួនាទី​ជា​នាយក​ធនាគារ​ជាតិ​នៃ​កម្ពុជា ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨១។ បន្ទាប់​មក លោក​ត្រូវ​បាន​តែងតាំង​ជា​ទេសាភិបាល​រង​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​១៩៨៦។ នៅ​ក្នុង​ឆ្នាំ​១៩៨៦ លោក ជា ចាន់តូ ក៏​បាន​បម្រើ​ការ​ជា​អនុរដ្ឋមន្ត្រី​ទី​មួយ​នៅ​ក្រសួង​ផែនការ។ មិន​តែប៉ុណ្ណោះ លោក​ក៏​ធ្លាប់​ជា​សមាជិក​សភា​ចន្លោះ​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៨ ផង​ដែរ។

ក្រោយចាកចេញពីតំណែងអគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា កាលពីខែកក្កដាកន្លងទៅ លោក ជា ចាន់តូ ត្រូបានតែងតាំងជា​អគ្គទេសាភិបាល​កិត្តិយស​ធនាគារ​ជាតិ​នៃ​កម្ពុជា។ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា រៀបចំកម្មវិធីលៀងសាយភោជនធនាគារិកប្រចាំឆ្នាំ២០២៣។

នៅក្នុងពិធីនេះ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា តំណាងឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានប្រគល់ស្លាកថ្លែងអំណរគុណជូនលោក ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយស ចំពោះវីរៈភាពដឹកនាំនៃការកសាងប្រព័ន្ធធនាគារនៅកម្ពុជាចាប់តាំងពីប្រព័ន្ធធនាគារមួយថ្នាក់ (Mono-Banking) ទៅជាប្រព័ន្ធធនាគារពីរថ្នាក់( Two-tier Banking) ពីការវិនិយោគដោយរដ្ឋ មកជាការវិនិយោគឯកជន ទាំងក្នុងស្រុក និងបរទេស។

ក្នុងវីដេអូឃ្លីបដែលផលិតឡើងដើម្បីថ្លែងអំណរគុណលោក ជា ចាន់តូ អ្នកឧកញ៉ា ពុង ឃាវសែ ម្ចាស់ធនាគារ កាណាឌីយ៉ា បានគូសបញ្ជាក់ថា លោកអគ្គទេសាភិបាលកិត្តិយសបានខិតខំប្រែងតស៊ូលះបង់កម្លាំងកាយចិត្តក្នុងការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយលើកស្ទួយ និងអនុវត្តវិស័យធនាគារ និងហិរញ្ញវត្ថុឲ្យមានការរីកចម្រើនយ៉ាងខ្លាំងនិងប្រកបដោយភាពធន់ក្នុងពេលជាង២ទស្សវត្សរ៍មកនេះ ហើយអ្នកឧកញ៉ានឹងចង់ចាំជានិច្ចនូវគុណបំណាច់និងស្នាដៃដឹកនាំកន្លងមកលោក ជា ចាន់តូ។

សម្រាប់អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង មានប្រសាសន៍ថា លោក ជា ចាន់តូ ជាឥស្សរជនកំពូលមួួយដែលបានកសាងប្រវត្តិសាស្រ្តថ្មីសម្រាប់ប្រព័ន្ធធនាគារ។ អ្នកឧកញ៉ាបន្តថា ក្រោមការដឹកនាំរបស់អគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជាជាង២ទស្សវត្សរ៍មកនេះ ធនាគារជាតិនៃកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ ជាអាណាព្យាបាលដឹកនាំវិស័យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុកាន់តែរឹងមាំ, ហិរញ្ញវត្ថុផ្នែកបច្ចេកវិទ្យាទំនើប និងផ្នែកធនធានមនុស្សដ៏សំបូរបែប។

លោក អ៊ិន ចាន់នី នាយកប្រតិបត្តិធនាគារ អេស៊ីលីដា លើកឡើងថា លោក ជា ចាន់តូ បានបន្សល់ទុកនៅស្នាដៃជាច្រើន ជាពិសេសដាក់ចេញនូវគោលនយោបាយ បទបញ្ញប្បតិ្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ យកចិត្តទុកដាក់លើការបណ្តុះបណ្តាលសាធារណៈជនស្តីពីហិរញ្ញវត្ថុ ពង្រឹងតួនាទីធនាគារកណ្តាលដែលជាស្ថាប័នអាណាព្យាបាលធ្វើឲ្យស្ថាប័នហិរញ្ញវត្ថនៅក្រោមអាណាព្យាបាលរឹងមាំ ជាពិសេសភាពរាំងនៅក្នុងដើមទុនចាប់ពី ៥០ពាន់លានរៀលរហូតដល់ទៅ ៣០០ពាន់លានរៀល។

លោកសង្កត់ធ្ងន់ថា ដើមទុនហ្នឹងហើយដែលធ្វើឲ្យស្ថាប័នហិរញ្ញវត្ថុទាំងអស់មានភាពរឹងមាំ ជាពិសេសនៅពេលដែលយើងជួបវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ គ្មានស្ថាប័នធនាគារនៅកម្ពុជាណាមួយដួរលំនោះទេ។ លើសពីនេះ លោក អ៊ីន ចាន់នី ក៏បានគូសបញ្ជាក់បន្ថែមថា លោក ជា ចាន់តូ បានចូលរួមដឹកនាំធ្វើឲ្យស្ថេរភាពអត្រាប្តូរប្រាក់ទៅ ៤,០០០រៀល ទៅ៤,១០០រៀលក្នុងរយៈពេល ៣០ឆ្នាំ ចំណែកអតិផរណាមិនលើស ៣-៣.៥% នោះទេ ទាំងអស់នេះហើយជាស្នាដៃដ៏មានសារៈសំខាន់របស់លោក ជា ចាន់តូ ដែលបានបន្សល់ទុក។

ជាមួយគ្នានេះដែរ លោក ហ្គី អានវ៉ានិត ប្រធានក្រុមប្រឹក្សាភិបាលធនាគារពាណិជ្ជក្រៅប្រទេសនៃកម្ពុជា FTB បានរំលេចពីស្នាដៃរបស់លោក ជា ចាន់តូ យ៉ាងដូច្នេះថា ក្រោមដឹកនាំដោយអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជាបានសម្រេចនូវកិច្ចការចម្បងដ៏ធំមួយ គឺគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពទាំង ៩ ។

លោកបន្តថា ការអនុវត្តគោលការណ៍នេះបានជម្រុញឲ្យស្ថាប័នហិរញ្ញវត្ថុជាច្រើនបង្កើតនូវគោលការណ៍គ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម ដើម្បីទាក់ទាញអ្នកវិនិយោគិនបរទេស និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ពិសេសផ្នែកឥណទាន, ការបោះមូលបត្របៃតង់ និងការកម្ចីគិតគូរដល់បរិស្ថាន និងសង្គម ព្រមទាំងការកសាងធនធានមនុស្សអនុលោមតាមគោលការណ៍ហិរញ្ញវត្ថុទាំង ៩។ ជាមួយគ្នានេះលោកបានស្តែងនូវការកោតសរសើរចំពោះលោក ជា ចាន់តូ ដែលបានជួយជម្រុញទំនើបកម្ម និងជួយវិស័យធនាគារ និងហិរញ្ញវត្ថុឲ្យទទួលបាននូវការទុកចិត្តទាំងក្នុងប្រទេស និងក្រៅប្រទេស។

ដោយឡែក នាយកប្រតិបត្តិនៃធនាគារ ABA លោក Ashikhanov Askhat បានគូសបញ្ជាក់បន្ថែមថា អំឡុងពេលដឹកនាំធនាគារជាតិនៃកម្ពុជារបស់លោក ជា ចាន់តូ លោកបានតាំងផ្តើមអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុទំនើបនៅកម្ពុជា និងវឌ្ឍនភាពនៃការទូទាត់ប្រាក់រៀល ក្នុងទម្រង់ឌីជីថលតាមរយៈបាគង ដែលជម្រុញកិច្ចសហប្រតិបត្តិការតាមបណ្តាធនាគារនានា។

លោកបន្ថែមទៀតថា ការលះបង់ដ៏ធំធេងរបស់លោក ជា ចាន់តូ ចំពោះឌីជីថលូបនីយកម្មសម្រាប់វិស័យនេះ និងការលើកកម្ពស់ប្រាក់រៀលបាននាំមកនូវសន្ទុះកំណើននៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុដែលជាឧត្តមប្រយោជន៍បំផុតចំពោះបរិយាបន្នហិរញ្ញវត្ថុ និងការប្រតិបត្តិឌីជីថល។ បើតាម CEO ធនាគារ ABA បច្ចុប្បន្នប្រជាជនកម្ពុជារាប់លាននាក់កំពុងចាប់យកជំនាន់ឌីជីថល និងប្រើប្រាស់រូបិយប័ណ្ណជាតិជាមួយបច្ចេកវិទ្យាដោយមោទនភាព។

ថ្លែងក្នុងពិធីលៀងសាយភោជនធនាគារិកប្រចាំឆ្នាំ២០២៣ នៅចំពោះមុខម្ចាស់ធនាគារជាច្រើន និងភ្ញៀវនានាដែលបានចូលរួមលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖ «ការអភិវឌ្ឍរីកចម្រើននៃសេដ្ឋកិច្ចជាតិ និយាយជារួម និងប្រព័ន្ធធនាគារនៅកម្ពុជា និយាយដោយឡែក គឺអាស្រ័យលើប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គទេសក៍ដ៏ឆ្នើមនៃនយោបាយឈ្នះ-ឈ្នះ»៕