ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី វិមានសំណាង និងភរិយា ឧកញ៉ា គង់ សំណាង កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានចូលរួមការសែនដើម្បីបុកគ្រឹះសាងសង់ វីឡា រ៉ូយ៉ាល់ (Royal Villa) សម្រាប់ការស្នាក់នៅផ្ទាល់ខ្លួនតែម្តង នៅក្នុងបុរី វិមានសំណាង។
លោកកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានឱ្យដឹងថា វីឡា រ៉ូយ៉ាល់ សម្រាប់ការស្នាក់នៅផ្ទាល់ខ្លួននេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីប្រមាណជិត ៣ពាន់ម៉ែត្រការ៉េ (3,000m2) ស្ថិតនៅទល់មុខព្រែកធម្មជាតិ កែង៣ផ្លូវ ក្នុង បុរី វិមានសំណាង ដោយកំណត់រយៈពេលសាងសង់ចំនួន ៣០ខែ មានន័យថា នឹងត្រូវសាងសង់រួចរាល់ត្រឹមរយៈពេល ២ឆ្នាំកន្លះ។
បុរី វិមានសំណាង ជាគម្រោងអភិវឌ្ឍលំនៅឋានបែបអភិជន ដោយមានការសាងសង់ជាប្រភេទផ្ទះអាជីវកម្ម (Shophouse) រួមទាំងប្រភេទផ្ទះវីឡាប្រណិតៗចំនួន ៤ប្រភេទទៀតដូចជា វីឡាព្រីន (Prince Villa) វីឡាឃ្វីន (Queen Villa) វីឡាឃីង (King Villa) និងវីឡា រ៉ូយាល់ (Royal Villa)។
បុរី វិមានសំណាង របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕