លោកឧកញ៉ា អ៊ុច សម្បត្តិ ប្រធានក្រុមហ៊ុន គ្រួសារកក់ក្តៅ (Krousar Korkdao Co.,Ltd) កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានចែករំលែកនូវទស្សនៈលើបណ្តាញសង្គមណែនាំដល់អ្នកបានខ្ពង់ខ្ពស់ សូមកុំប្រព្រឹត្តនូវរឿងចំនួន ៦យ៉ាង។ រឿងទាំង៦ ដែលលោកឧកញ៉ា បានលើកឡើងមានដូចខាងក្រោម៖

១. កុំពើងទ្រូង៖ មានប៉ុនណា ខ្ពស់ប៉ុនណា ត្រូវមានឥរិយាបថថ្លៃថ្នូរ គោរពឱនលំទោន គោរពមេកើយ (មេ ជាម្ចាស់ដ៏ល្អរបស់អ្នកជានិច្ច ដែលលើកអ្នកបាន ក៏អាចជាន់ឱ្យអ្នកលេចវិញដែរ)។
២. កុំក្អែងក្អាង៖ ជាន់គេឯងគ្រប់កិច្ចការមិនអាចជោគជ័យបានទេ បើគ្មានមនុស្សតូចតាចធ្វើការឱ្យអ្នក កុំមើលងាយអ្នកក្រ (ខាងក្រោមមានក្រុមការងារ)។
៣. កុំអំនួត៖ រាល់ការរីកចម្រើនត្រូវមានគំនិតពីមនុស្សជុំវិញខ្លួន គំនិតតូចមួយពីមនុស្សជុំវិញខ្លួនជាស្ពានចម្លងអ្នកឱ្យមានថ្ងៃនេះ (ខាងស្តាំដៃ គឺទីប្រឹក្សា)។
៤. កុំភ្លេចគ្រាក្រ៖ អ្នកកម្សត់កម្រជាមួយអ្នកគឺភរិយា ឬប្តី មុនចាយលុយសប្បាយហូរហៀរ ត្រូវគិតដល់នាងនិងគ្រួសារ ព្រោះពេលអ្នកមានបញ្ហាគ្មាននរណាម្នាក់នៅកំដរអ្នកគ្រប់ពេលដូចនាងឡើយ (ខាងឆ្វេងដៃមានភរិយាឬប្តី)។
៥. កុំដល់ត្រើយរុះស្ពាន៖ កុំភ្លេចសងគុណ ឪពុកម្តាយ គ្រូបាអាចារ្យ និងគ្រូរបស់អ្នក រាល់ពេលអ្នកហត់នឿយ ចង់បោះបង់ ទាល់គំនិត ពួកគាត់នេះហើយតែងដាស់តឿនអ្នកឱ្យស៊ូរហូតមក មិនដែលគិតចង់បានអ្វីពីអ្នកឡើយ (ខាងក្រោយ គឺអ្នកមានគុណ)។
៦. កុំភ្លេចគោលដៅ៖ កុំឆ្វេចឆ្វាច មនុស្សមានលុយតែងលោភលន់ តក់ក្រហល់ លែងមានចិត្តអំណត់ លែងស្តាប់មនុស្សជុំវិញខ្លួន លែងគោរពមេកើយ តែងធ្វើតាមចិត្តក្តៅ ព្រោះតែលុយភ្លេចគុណធម៌ រកស៊ី ១០០មុខ ស៊ីទាំងអ្នកផ្តល់កំណើត ផ្តល់ឱកាសឱ្យខ្លួន (ខាងមុខគោលដៅដែលនាំអ្នកជោគជ័យពិត)។

ឧកញ៉ា អ៊ុច សម្បត្តិ ជាម្ចាស់ក្រុមហ៊ុន គ្រួសារកក់ក្ដៅ ដែលជាក្រុមហ៊ុនផលិតចែកចាយគ្រឿងសម្អាង និងលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញដ៏ធំមួយប្រចាំកម្ពុជា។ ក្រុមហ៊ុននេះ បង្កើតឡើង កាលខែមិថុនា ឆ្នាំ២០១៥ ដោយឧកញ៉ា អ៊ុច សម្បត្តិ និងភរិយាលោកជំទាវ ហ៊ឹម សុភ័ក្រ ហើយរហូតដល់បច្ចុប្បន្នមានបណ្ដាញចែកចាយរាប់ម៉ឺននាក់ទូទាំងប្រទេស៕