អ្នកឧកញ៉ា ឧកញ៉ា ២រូបតែងតាំងឲ្យស្ថិតក្នុងសមាសភាពដឹកនាំក្រុមប្រឹក្សាបរធនបាលសហគ្រិនខ្មែរ

ជុំវិញ​ឧកញ៉ា

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រេចតែងតាំងអ្នកឧកញ៉ា ឧកញ៉ា និងថ្នាក់ដឹកនាំកមពីក្រសួងស្ថាប័នចំនួន ៧រូបសមាសភាពក្រុមប្រឹក្សាបរធនបាលសហគ្រិនខ្មែរ ដែលសរសេរកាត់ថា ស.គ.ខ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លិខិតតែងតាំងចំនួនពីរទំព័រចុះហត្ថលេខាដោយលោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រេចតែងតាំងលោកផ្ទាល់ជាប្រធាន ព្រមទាំំងតែងតាំងជាសមាជិកចំនួន៦រូប រួមមាន៖ លោក ដាវ អានសាន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, លោក ជា កុកហុង អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,  អ្នកឧកញ៉ា សៀ ឬទ្ធី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប, ឧកញ៉ា សុខ ពិសិដ្ឋ សហស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ​គ្រុប, លោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគមវិនិយោគ នវានុវត្តន៍ និងអភិវឌ្ឍន៍ និងលោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ​ ។

កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានចេញអនុក្រឹត្យស្តីពីការបង្កើតសហគ្រិនខ្មែរ ជាបរធនបាលកិច្ច ដើម្បីកៀរគរ គ្រប់គ្រង និងចាត់ចែងបរធនពីប្រភពស្របច្បាប់នានាសម្រាប់គាំទ្រដំណើរការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីសហគ្រិន សហគ្រាសធុនមីក្រូតូច និងមធ្យម និងធុរកិច្ចថ្មីនានា ដែលឆ្លើយតបនឹងតម្រូវការនៃវិស័យឯកជនប្រកបដោយប្រសិទ្ធភាព​ និងចីរភាព។

នៅក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល មាត្រា ៤ បានបញ្ជាក់ថា ប្រភពបរធននៃ ស.គ.ខ បានពីថវិកាជាតិ ដៃគូរអភិវឌ្ឍន៍ វិស័យឯកជន និងប្រភពស្របច្បាប់ផ្សេងទៀត៕