អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC និងជាប្រធានសមាគមអ្នកសាងសង់កម្ពុជា បានលើកឡើងថា ការកសាងស្ពានអាកាសព្រះមុនីវង្ស ថ្មីនេះ គឺកសាងដោយស្នាដៃកូនខ្មែរសុទ្ធ១០០% ទាំងវិស្វករ និងកូនជាង។ ការលើកឡើងបែបនេះ ក្នុងវេទិការសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី១៣ របស់សមាគមអ្នកសាងសង់កម្ពុជា ពេលកន្លងទៅថ្មីៗនេះ។

អ្នកឧកញ៉ា ពុង ឃាវសែ មានប្រសាសន៍ថា៖ «ស្ពានព្រះមុនីវង្សដែលកំពុងលេចរូបរាងឡើងនេះ សុទ្ធតែជាស្នាដៃកូនខ្មែរអ្នកកសាងសង់ទាំងអស់ ដោយឡែកសម្រាប់ប្លង់ត្រូវបានគូសដោយចិន និងត្រួតពិនិត្យដោយចិន ដើម្បីធានាថា ការកសាងស្ពានមានលក្ខណៈស្ដង់ដាអន្តរជាតិ»។
អ្នកឧកញ៉ា បន្ថែមថា ការកសាងស្ពានអាកាសថ្មីនេះ ហេតុដែលយកតែវិស្វករខ្មែរសុទ្ធ ព្រោះចង់ផ្ដល់ឱកាសដល់កូនខ្មែរ វិស្វករខ្មែរ បញ្ចេញស្នាដៃឱ្យគេឃើញថា វិស្វករខ្មែរធ្វើបានមិនចាញ់បរទេសនោះទេ។

ស្ពានអាកាសព្រះមុនីវង្សថ្មីនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ ដែលទទួលខុសត្រូវលើការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ គ្រោងប្រើប្រាស់រយៈពេលសាងសង់ ៣៦ខែ ហើយគ្រោងចំណាយថវិកាប្រមាណ ៣៦,៧៧៥,០០០ដុល្លារ៕ អត្ថបទ៖ សុកធា



