ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC បន្តដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩” ជូនសមាជិក សមាជិការបស់ FASMEC នៅខេត្តព្រៃវែង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។
សិក្ខាសាលានេះ ក៏មានការចូលរួមពីអភិបាលរងខេត្ត ព្រមទាំងដៃគូសហការឧបត្ថម្ភនានា និងSMEប្រមាណ២៥៦នាក់ផងដែរ។
គោលបំណងនៃកម្មវិធីសិក្ខាសាលានេះ គឺដើម្បីចែករំលែកអំពីខ្សែសង្វាក់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងជួយបំពេញបន្ថែមនូវចំណេះដឹងដែលម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តនៅមានចំណុចខ្វះខាត។
សូមជម្រាបថា សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) កន្លងមក តែងតែរៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩» នៅបណ្តាខេត្តផ្សេងៗ ដើម្បីឱ្យម្ចាស់សហគ្រាស ឬអាជីវកម្មអាចលើកពីផលវិបាកដែលទាក់ទងនឹងការលក់ផលិតផលក្នុងស្រុក និងការនាំចេញ លើសពីនោះក៏ជាការចែករំលែកខ្សែសង្វាក់ទីផ្សារក្នុងការនាំចេញ និងចែករំលែកចំណេះដឹងផ្សេងៗដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមផងដែរ។
ជម្រាបបន្ថែមថា កម្មវិធីសិក្ខាសាលាស្តីពី «ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩» នេះរៀបចំឡើងដោយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ព្រមទាំងដៃគូសហការឧបត្ថម្ភនានា មានដូចជា សហគ្រិនខ្មែរ ក្រុមហ៊ុនវៀតធេល(ខេមបូឌា)និងដៃគូសហការផ្សេងៗទៀត៕