ប្រមុខការទូតពាណិជ្ជកម្មចាស់វស្សាដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ទីក្រុងតូក្យូ

ជុំវិញ​ឧកញ៉ា

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាដែលដឹកនាំដោយប្រមុខការទូតឆ្នើមចាស់វស្សា ដែលដំណាងវិស័យឯកជន បានអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរឆ្នាំទី៥០ នៃមិត្តភាព និង កិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងការបំពេញបេសកកម្មរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ក៏នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមសិក្ខាសាលាជំរុញវិនិយោគកម្ពុជាឆ្នាំ២០២៣ ដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារមិស៊ូហ៊ុ (Mizuho Bank) ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចធិបតីនាយករដ្ឋមន្ត្រី។

ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមវេទិកាសហច្នៃប្រឌិតសេដ្ឋកិច្ច ទស្សនកិច្ចក្រុមហ៊ុននៅទីក្រុងតូក្យូ និង ជំនួបពាណិជ្ជកម្មផ្សេងទៀត ក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងធុរកិច្ច និង រួមចំណែកបង្កើនទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំងពីរ។

សូមជម្រាបជូនថា ប្រទេសជប៉ុន គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី០៥ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម និងប្រទេសថៃ ខណៈដែលទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងជប៉ុន បានឈានដល់ចំនួន ១,៦៣ពាន់លានដុល្លារ ក្នុងរយៈពេល ១១ខែដំបូង នៃឆ្នាំ២០២៣ ថយចុះប្រហែល ៧,៩% បើធៀបនឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំទៅ។

ជាមួយគ្នានេះដែរ ក្នុងដំណ​ើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនសម្តេចធិបតីនាយករដ្ឋមន្រ្តីក៏នឹងជួបពិភាក្សាការងារជាមួយលោក គីស៊ីដា ហ៊្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន ដែលពិភាក្សាអំពីការពង្រឹង និងស៊ីជម្រៅនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ដើម្បីផលប្រយោជន៍ជាក់ស្តែង សម្រាប់ប្រជាជននៃប្រទេសទាំងពីរផងដែរ៕