ក្រុមហ៊ុន អ្នកឧកញ៉ា ទ្រី ភាព ចូលរួមបង់ពន្ធជូនរដ្ឋដល់ទៅជាង ២០លានដុល្លារ ក្នុងឆ្នាំ២០២៣

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន ទ្រី ភាព គ្រុប (Try Pheap Group Co., Ltd) កាល​ថ្ងៃទី១៣ និង ១៤ ខែធ្នូ ឆ្នាំ២០២៣ បាន​រៀបចំកិច្ចប្រជុំបូកសរុប​លទ្ធផលការងារ​ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ​សម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាព​ អ្នកឧកញ៉ា​បណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន និងលោកស្រី​អ្នកឧកញ៉ា គៀន ស្រីនាង នៅទីស្នាក់ការកណ្តាល ក្រុមហ៊ុន ទ្រី ភាព គ្រុប ក្នុង​រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា​បណ្ឌិត ទ្រី ភាព បាន​លើកឡើង​ថា ទោះបី​ជា​​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា ចំហាយ​ជំងឺ​កូវីដ-១៩ សង្គ្រាម​អន្តរជាតិ និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​ក្តី​ ប៉ុន្តែ​សម្រាប់​ឆ្នាំ២០២៣​ ក្រុមហ៊ុន ទ្រី ភាព គ្រុប ​​​​​​​​នៅ​តែ​អាច​ជម្នះ​ឧបសគ្គ​​ទាំង​នេះ​បាន ព្រម​ទាំង​រក្សា​បាន​នូវ​លទ្ធផល​ដ៏​ប្រសើរ​ថែម​ទៀត ​​ធ្វើ​ឱ្យ​លោក​សប្បាយរីករាយ និង​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​ក្រុមការងារ និង​បុគ្គលិក​​គ្រប់​ផ្នែក​ទាំង​អស់។

តាមរបាយការណ៍​​ប្រចាំឆ្នាំ​២០២៣​​របស់​ក្រុមហ៊ុន បានបង្ហាញថា ក្រុមហ៊ុនទ្រីភាពគ្រុប ​មានបុគ្គលិកសរុប​ប្រមាណ​ ៤ពាន់នាក់ ហើយបានចំណាយប្រាក់ខែប្រចាំខែជាង ១លានដុល្លារសហរដ្ឋអាមេរិក។ របាយការណ៍​ដដែល​​បានបង្ហាញ​ទៀត​​ថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុនបានចូលរួមបង់ពន្ធជូនរដ្ឋ រហូត​ដល់​ទៅ​ប្រមាណ​ជា​ ២០លាន​ដុល្លារអាមេរិក។

ក្នុង​កិច្ចប្រជុំ​បូកសរុប​​ប្រចាំឆ្នាំ​នេះ​ដែរ ក្រុមហ៊ុន​​ក៏​បាន​លើកឡើង​​លទ្ធផល​សម្រេច​បាន បញ្ហា​ប្រឈម សំណូមពរ និង​ទិសដៅ​សម្រាប់​ឆ្នាំ២០២៤។ យ៉ាងណាមិញ ចំពោះការលើកទិសដៅអនុវត្តឆ្នាំ​២០២៤ អង្គប្រជុំបានឯកភាព​តាមផែនការ ដែលបានគ្រោងទុក ដោយ​គ្រោង​ជំរុញការងារចំការកៅស៊ូ រោងចក្រកៅស៊ូ ការអភិវឌ្ឍរីសត (ក្រុង​កែប ក្រុងព្រះសីហនុ និងកោះទន្សាយ) ការងារវិស្វកម្មនិងសំណង់ ការសាងសង់កំពង់ផែក្នុងស្រុក ការសាង​សង់កំពង់ផែសមុទ្រទឹកជ្រៅ ការងារភស្តុភារកម្ម និងក្រុមហ៊ុននាំចេញផ្សេងៗទៀត។

សូម​ជម្រាប​ថា ក្រុមហ៊ុន ទ្រីភាព គ្រុប ជាក្រុមហ៊ុនដែលបាន​និង​កំពុង​រកស៊ីលើវិស័យជាច្រើន ​មានដូចជា​សំណង់ ដឹកជញ្ជូន កំពង់ផែ សណ្ឋាគារ ប្រេងឥន្ធនៈ ដំណាំ​កៅស៊ូ​ និង​កន្លែង​សម្រាកលំហែ​ទេសចរណ៍ ដូចជា គម្រោង​អភិវឌ្ឍ កោះទន្សាយ រីសត ​នៅ​ខេត្តកែប ​​ដែល​គ្រោង​​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ១៣០​លាន​ដុល្លារ​ផង​ដែរ៕