លោក អុឹង ស៊ីវខូវ កូនប្រុសទី២ របស់អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings) កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំគណៈគ្រប់គ្រងនិងបុគ្គលិកជាន់ខ្ពស់ក្រុមហ៊ុន អាយអិនជី ហូលឌីង ចំនួន៣៥នាក់ ចូលរួមព្រឹត្តិការណ៍រត់ប្រណាំងសប្បុរសធម៌ ដើម្បីអនាគត ចម្ងាយ៥គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ ក្នុងតំបន់អភិវឌ្ឍន៍ ING CITY ដែលមានអ្នកចូលរួមសរុបប្រមាណ ១២០០នាក់។

ព្រឹត្តិការណ៍រត់ប្រណាំងដ៏ធំនិងដំបូងគេក្នុងតំបន់អភិវឌ្ឍន៍ ING CITY នេះ បានចាប់ផ្ដើមនិងបញ្ចប់ការរត់នៅលើមហាវិថី ឈុន គង់ ត្រង់ចំណុចផ្សារទំនើប អ៊ីអន មានជ័យ និងរត់កាត់លើមហាវិថី សម្ដេច ហ៊ុន សែន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ត្រូវបានរៀបចំដោយក្លឹប SUSU ក្លឹប KKRC និងក្លឹប SheRuns ព្រមទាំងសហការផ្ដល់ទីតាំងរៀបចំដោយក្រុមហ៊ុន អាយអិនជី ហូលឌីង ហើយថវិកាដែលបានពីការរត់ប្រណាំងនេះ នឹងផ្ដល់ជូនទៅសាលាបរិបូរសម្រាប់នារី មជ្ឈមណ្ឌលអប់រំមាតុភូមិខ្មែរ និងមណ្ឌលកុមារផ្ទះក្លារ៉ា។
នេះជាព្រឹត្តិការណ៍រត់ប្រណាំងសប្បុរសធម៌ដំបូងបង្អស់នៅកម្ពុជា ដែលផ្ដល់ជូននូវ ៦វិញ្ញាសាតាមក្រុមអាយុដែលមានពានរង្វាន់ និងប្រាក់រង្វាន់សម្រាប់ កុមារអាយុក្រោម ១៨ឆ្នាំ (ស្រីនិងប្រុស) ក្រុមមហាជនទូទៅអាយុពី១៨ឆ្នាំ ដល់៥០ឆ្នាំ (ស្រីនិងប្រុស) និងក្រុមជើងចាស់អាយុលើស ៥០ឆ្នាំ (ស្រីនិងប្រុស)។

សូមជម្រាបថា លោក អុឹង ស៊ីវខូវ វ័យ២៥ឆ្នាំ ជាកូនប្រុសទី២ របស់អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ និង លោកស្រី ហេង សុខា។ បច្ចុប្បន្ន លោក អុឹង ស៊ីវខូវ កំពុងកាន់តួនាទីជាអគ្គនាយក ក្រុមហ៊ុន អាយអិនជី ហូលឌីង និងជាភាគទុនិក ធនាគារឯកទេស ដូនពេញ ម.ក ខណៈដែលបងប្រុសរបស់លោក គឺលោក អុឹង ស៊ីវម៉េង ក៏ជាអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង និងជាអគ្គនាយក នៃក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប៕






