អ្នកឧកញ៉ា ៤រូប ស្ថិតក្នុងសមាសភាពគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា អាណត្តិទី៧

ជុំវិញ​ឧកញ៉ា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​​កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានចេញ​អនុក្រឹត្យទទួលស្គាល់​គណៈកម្មាធិការ​កណ្តាល និងអគ្គលេខាធិការ អគ្គលេខាធិការរង កាកបាទក្រហមកម្ពុជា អាណត្តិទី៧ ដែលមានសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈអនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ​​កាកបាទក្រហម​កម្ពុជា អាណត្តិ​ថ្មី​ទី​៧​នេះ ​​មាន​សមាសភាព​គណៈកម្មាធិការ​កណ្តាល​ចំនួន ១៣​រូប ក្នុង​នោះ​​​មាន​អ្នកឧកញ៉ា ៤​រូប​ គឺ​អ្នកឧកញ៉ា ជឹង សុភាព ជា​អនុប្រធាន, អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិក, អ្នកឧកញ៉ា ម៉ុង ឫទ្ធី សមាជិក និង​អ្នកឧកញ៉ា ​គិត ម៉េង ជា​សមាជិក។

សមាសភាព​គណៈកម្មាធិការ​កណ្តាល កាកបាទក្រហមកម្ពុជា អាណត្តិទី៧ ត្រូវ​បាន​ជ្រើសតាំង​​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​មហាសន្និបាត អាណត្តិ​ទី៧ នៅ​ទូទាំង​ប្រទេស កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

សូម​ជម្រាប​ថា បន្ទាប់ពី​មហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី ៧ អស់រយៈពេល ១ព្រឹកប្រកប​ដោយ​ជោគជ័យ ​នៅ​ថ្ងៃ​ដដែល​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏​បានបន្ត​ដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការកណ្តាល អាណត្តិទី៧ ​និង​បានធ្វើការណែនាំ តម្រង់ទិស​ដល់​ក្រុមប្រតិបត្តិ អនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ដូចតទៅ៖

១. ត្រូវមានផែនការសកម្មភាពការងារ ប្រចាំខែនីមួយៗ ត្រីមាស និងឆ្នាំ ឱ្យបានជាក់លាក់។
២. ត្រូវបន្តអនុវត្តនូវទម្រង់ បែបបទ នីតិវិធីនៃការប្រើប្រាស់មូលនិធិ។
៣. ត្រូវបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ធ្វើការងារក្នុងស្មារតីជាក្រុម ទទួលខុសត្រូវខ្ពស់ក្នុងការតាមដាន ពិនិត្យ វាយតម្លៃ និងធ្វើរបាយការណ៍ ឱ្យបានទៀងទាត់ ព្រមទាំងមានសូចនាករណ៍ច្បាស់លាស់។
៤. ត្រូវយកចិត្តទុកដាក់ក្នុងការបង្កើនចំណេះដឹង ជំនាញ លើកកម្ពស់សមត្ថភាព ដើម្បីឆ្លើយតបទៅនឹង​តម្រូវ​ការក្នុងសម័យបច្ចេកវិទ្យាឌីជីថល រួមទាំងការងារជាអាទិភាពគន្លឹះ ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា (២០២១-២០៣០)៕