អ្នកឧកញ៉ា សៀ ឬទ្ធី តំណាង អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូនៃសមាគមឧកញ៉ាកម្ពុជា អញ្ជើញទស្សនកិច្ចទីស្នាក់ការកណ្តាលនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ( Japan Chamber Commerce and Industry -JCCI ) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងជំនួបលើកដំបូងរវាងថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន ក៏មានការចូលរួមពីតំណាងក្រុមហ៊ុនធំៗចំនួន៧ របស់ជប៉ុន ដោយបានជជែកពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ថែមទាំងបានសិក្សាស្វែងយល់អំពីសមាគមឧកញ៉ាកម្ពុជា ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នានៅពេលអនាគត ខណៈដែលសភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន (JCCI) គឺជាស្ថាប័នឯកជនមានក្រុមហ៊ុនជាង ១លាន៥សែន ជាសមាជិក។
លោក Kazuto Sasaki អគ្គលេខាធិការនៃគណៈកម្មាធិការទុរកិច្ច និងសហប្រតិបត្តិការ ជប៉ុន-មេគង្គ បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូនៃសមាគមឧកញ៉កម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកទស្សនកិច្ច ដែលជាការចាប់ផ្តើមដ៏វិជ្ជមាននៃទំនាក់ទំនងរវាងស្ថាប័នឯកជនទាំងពីរ សំដៅដល់ការទាក់ទាញដៃគូវិនិយោគនិងជំរុញសកម្មភាពពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនថែមទៀត។


ជាមួយគ្នានោះ អ្នកឧកញ៉ា សៀ ឬទ្ធី បានជម្រាបជូនភាគីជប៉ុនថា សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើងជាមួយនឹងទស្សនវិស័យក៏ដូចជាបេសកកម្មចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងរួមចំណែកលើសកម្មភាពមនុស្សធម៌ សង្គមកិច្ច ដើម្បីភាពរីកចម្រើនរបស់ប្រជាជនកម្ពុជា។
ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា ក៏បានមានប្រសាសន៍អញ្ជើញថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្មជប៉ុន ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជាវិញ ក្នុងគោលបំណងទំនាក់ទំនង និងពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងស្ថាប័នឯកជនទាំងពីរ ជាពិសេសចក្ខុវិស័យលើការវិនិយោគ និងសកម្មភាពធុរកិច្ចជាមួយគ្នាទៅវិញទៅមក។


សូមជម្រាបដែរថា ប្រទេសជប៉ុន គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី០៥ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម និងប្រទេសថៃ។ តាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញឱ្យដឹងថា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២ ដោយគិតពីខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញទំនិញ សរុបជាទឹកប្រាក់ប្រហែល ១,០៦ពាន់លានដុល្លារ ទៅកាន់ប្រទេសជប៉ុន ខណៈការនាំចូលទំនិញពីជប៉ុន មានទំហំទឹកប្រាក់ប្រមាណ ៥៧៣លានដុល្លារ៕