ក្រោមការដឹកនាំសម្របសម្រួលពីសមាគមស្បែកជើងកម្ពុជា ដែលមានអ្នកឧកញ៉ា លី ឃុនថៃ ជាប្រធានសមាគម ការនាំចេញផលិតផលស្បែកជើងនៅកម្ពុជា មានទំហំទឹកប្រាក់ប្រមាណ ១,២១ពាន់លានដុល្លារ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣នេះ ដែលមានការធ្លាក់ចុះ ២២,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២២។

យោងតាមស្ថិតិនាំចេញរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទិន្នន័យប្រចាំខែបានបង្ហាញឱ្យដឹងថា វិស័យនាំចេញស្បែកជើងនៅកម្ពុជា ខែវិច្ឆិកា ឆ្នាំ២០២៣ មានចំនួន ១២៤,៦១លានដុល្លារ កើនឡើង២៨ភាគរយធៀបនឹងខែមុន ប៉ុន្តែវាបានធ្លាក់ចុះ ២,៣ភាគរយ ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ សម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២៣នេះ ទិន្នន័យនាំចេញមាន ១២១៣,៧៩លានដុល្លារ ដែលធ្លាក់ចុះ ២២,៨ភាគរយធៀបនឹងឆ្នាំ២០២២។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា ធ្លាប់បានថ្លែងឱ្យដឹងថា ការបញ្ជាទិញផលិតផលស្បែកជើងនិងកាបូបពីទីផ្សារខាងក្រៅនៅឆ្នាំ២០២៣នេះ មានស្ថានភាពធ្លាក់ចុះ ហើយទំនោនៃការធ្លាក់ចុះនេះមានតាំងពីចុងឆ្នាំ២០២២។ អ្នកឧកញ៉ា គូសបញ្ជាក់ថា កត្តាដែលនាំឱ្យការបញ្ជាទិញមានការធ្លាក់ចុះនេះ ដោយសារបញ្ហាខាងក្រៅដូចជាសង្គ្រាមអ៊ុយក្រែនិងរុស្ស៊ី បានធ្វើឱ្យទំនិញនៅលើពិភពលោក វត្ថុធាតុដើមឡើងថ្លៃ, បញ្ហាជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ជាហេតុធ្វើឱ្យប៉ះពាល់ទៅដល់ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅអឺរ៉ុប សហរដ្ឋអាមេរិក និងនៅតាមបណ្តាប្រទេសផ្សេងៗ។ កាលណាប្រាក់ចំណូលពួកគាត់ធ្លាក់ចុះ វាធ្វើឱ្យការលក់នៅលើទីផ្សារធ្លាក់ចុះតាម ហើយអ្នកបញ្ជាទិញដែលលក់ទំនិញមិនទាន់អស់ ដូច្នេះទើបនាំឱ្យការបញ្ជាទិញធ្លាក់ចុះ។

សូមជម្រាបថា សមាគមស្បែកជើងកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដោយមានសមាជិកដំបូងចំនួន ១៣សហគ្រាស និងបានសម្ពោធជាផ្លូវការកាលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។ បច្ចុប្បន្នសមាគមមួយនេះ មានសមាជិកជាង ១២០សហគ្រាស/រោងចក្រ និងមានបុគ្គលិក កម្មករនិយោជិតប្រមាណជាង ១៥ម៉ឺននាក់ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣។
អ្នកឧកញ៉ា លី ឃុនថៃ ជាប្រធានសមាគម មានការប្តេជ្ញាចិត្តខ្ពស់ ជាមួយទស្សនៈវិស័យដ៏ច្បាស់លាស់ បានរួមគ្នាបង្កើតសមាគមមួយនេះឡើង ក្នុងគោលបំណងដើម្បីសម្របសម្រួលរវាងគ្រប់ភាគីពាក់ព័ន្ធ ទាំងក្នុង និងក្រៅប្រទេស នៃវិស័យឧស្សាហកម្មផលិតស្បែកជើង នៅក្នុងប្រទេសកម្ពុជា ក្នុងការពារផលប្រយោជន៍សមាជិកផង និងដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យផលិតកម្មស្បែកជើងផងដែរ៕
