គណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ហៅ កាត់ថា គ.ជ.ផ.ក. ជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅក្រោមគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទទួលបន្ទុកដឹងនាំ អភិវឌ្ឍ និងជំរុញផលិតភាពជាតិសរុប ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
យោងតាមសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា បានសម្រេចតែងតាំងសមាសភាពគណៈកម្មាធិការចំនួន២៧រូប ក្នុងនោះមានប្រធាន១រូប អនុប្រធានចំនួន៤រូប និងសមាជិកចំនួន២២រូប។
តាមសេចក្ដីតែងតាំងគណៈកម្មាធិការចំនួន២៧រូប ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានឧកញ៉ា ចំនួន២រូបដែលមានឈ្មោះជា «សមាជិក» ក្នុងបញ្ជីគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ដូចជា ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និង ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។
សូមជម្រាបជូនថា គណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ យោងតាមអនុក្រឹត្យលេខ ១២៣ អនក្រ.បក។ គ.ជ.ផ.ក. មានតួនាទី និងភារកិច្ច ដឹកនាំនិងរៀបចំគោលនយោបាយ សម្របម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយ ដើម្បីជំរុញផលិតភាពជាតិសរុប និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ, សហការជាមួយក្រសួងស្ថាប័ន និងដៃគូរពាក់ព័ន្ធ ក្នុងគោលដៅរៀបចំ សម្រិតសម្រាំង និងធានាប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ សំដៅបង្កើនផលិតភាពជាតិសរុប និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ, បង្កើតនិងអនុវត្តកម្មវិធីវិទ្យាសាស្រ្តទិន្នន័យ ការសិក្សាស្រាវជ្រាវទីផ្សារ ការវិភាគទិន្នន័យ និងវិទ្យាសាស្រ្តគោលនយោបាយ ដើម្បីធានាបានភាពច្បាស់លាស់ ភាពប្រាកដនិយម ភាពឆ្លើយតប និងប្រសិទ្ធភាពនៃគោលនយោបាយពាក់ព័ន្ធផលិតភាពសេដ្ឋកិច្ច, និងបំពេញភារកិច្ចផ្សេងទៀតតាមការសម្រេចរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ៕
អត្ថបទ៖ សុកធា