“អគារស្នាក់ការកណ្តាល វីងថៅវ័រ (Wing Tower)” ដែលមានកំពស់ខ្ពស់ស្កឹមស្កៃកណ្តាលរាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ។
អគារស្នាក់ការកណ្តាលធនាគារ វីង ថៅវ័រ មានកម្ពស់ ២៥ជាន់ ដែលស្មើនឹង ១២០ម៉ែត្រ ជាការវិនិយោគរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ក្នុងទំហំទុនរាប់សិបលានដុល្លារអាមេរិក ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស កែងផ្លូវកម្ពុជាក្រោម ខណ្ឌ៧មករា រាជធានីភ្នំពេញ។
គម្រោងអគារ Wing Tower ចាប់ផ្តើមធ្វើការសាងសង់កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ពោលគឺប្រើប្រាស់ពេលសាងសង់ប្រមាណជាង ២៣ខែប៉ុណ្ណោះ បើទោះបីជាស្ថិតនៅក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ចសកលក្តី។
គម្រោងអគារធនាគារដ៏ធំមួយនេះរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានប្រគល់សិទ្ធិសាងសង់ឲ្យក្រុមហ៊ុន ឌី ប៊ី ឌីអ៉ិន ជី នា រីង (CSX Symbol: DBDE) ដែលមានបទពិសោធន៍ជោគជាំច្រើនក្នុងវិស័យវិស្វកម្ម និងសំណង់ នឹងធ្លាប់បានសាងសង់គម្រោងធំៗជាច្រើននៅកម្ពុជា ដូចជា៖ ផ្សារ ទំនើប Aeon 1, Aeon 2, គម្រោង ខុន ដូ North Park, គម្រោង Chip Mong Sen Sok, គម្រោង Chip Mong 598 Mall, គម្រោង Chip Mong Mega Mall 271 ជាដើម៕