ឧកញ៉ា សុង សារ៉ន៖ តម្លៃស្រូវគ្រប់ប្រភេទ នឹងបន្តកើនឡើងទៀត នៅឆ្នាំ២០២៤

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ​​យល់​ឃើញ​ថា ​​តម្លៃ​ស្រូវ​គ្រប់ប្រភេទ​របស់​កម្ពុជា នឹង​បន្ត​កើនឡើង​ទៀត នៅ​ឆ្នាំ២០២៤ ខាង​មុខ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកជំនួញក្នុងវិស័យស្រូវអង្កររូប​នេះ ​​​បាន​លើក​ឡើង​ក្នុង​ឱកាស​លោក​ចូលរួម​​ពិធី​អបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើត​​ធនាគារ ARDB នៅសណ្ឋាគារហ្គាឌិន ស៊ីធី ភ្នំពេញ ​​កាលពី​ថ្ងៃទី១៣ ខែធ្នូ ថា ​​តម្លៃ​ស្រូវ​កម្ពុជា បាន​ចាប់​ផ្តើម​កើន​ឡើង​នៅ​ពាក់កណ្តាល​ឆ្នាំ២០២៣​នេះ ចាប់តាំង​ពី​ខែ​មិថុនា​មក និង​ជា​តម្លៃ​ខ្ពស់​មិន​ធ្លាប់​មាន ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ។

លោក​ឧកញ៉ា បាន​​បន្តដូច្នេះ​ថា៖ “បច្ចុប្បន្ន​យើងដឹងហើយស្រូវអ្វី​ក៏ថ្លៃដែរ មកដល់ពេលនេះមិនមានស្រូវណាមួយ ដែល​តម្លៃអត់ល្អទេ ឥឡូវ​នេះតម្លៃស្រូវម្លិះមួយគីឡូក្រាម ១៥០០រៀល តម្លៃស្រូវសែនក្រអូប (ស្រូវសើម) ១៤០០​រៀល និងតម្លៃស្រូវដែលជាប្រភេទ​​អង្ករស ១៣០០រៀល ក្នុងមួយគីឡូក្រាម ហើយឆ្នាំក្រោយ​តម្លៃក៏​នៅតែល្អ​ដូច​គ្នា”។

តាម​ការ​យល់ឃើញ​របស់​ឧកញ៉ា សុង សារ៉ន ​តម្លៃ​​​ស្រូវ​​នៅ​កម្ពុជា ចាប់​ផ្តើម​កើន​ឡើង​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​២០២៣​នេះ គឺ​ដោយសារ​តែ​បញ្ហាប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យប្រទេសមួយចំនួន ក្នុងនៅអាស៊ី​ត្រូវការស្តុក​បម្រុង​ទុក ដើម្បីរក្សានូវស្ថេរភាពស្បៀង ក្នុងប្រទេសរបស់ពួកគេ ស្របពេលដែលប្រទេសឥណ្ឌា​បិទការនាំចេញ​អង្ករបណ្តោះអាសន្ន។

គួរ​បញ្ជាក់​ថា ប្រទេសឥណ្ឌា ដែលជាប្រទេសនាំអង្ករចេញច្រើនជាងគេ​លើពិភពលោក បានបិទមិនឱ្យ​មានការ​នាំចេញអង្ករប្រភេទអង្ករស និងអង្ករបាក់ ក្នុងគោលបំណងរក្សានូវសន្តិសុខ​ស្បៀង ​ក្នុងប្រទេសរបស់ខ្លួន ដែល​ជំរុញឱ្យតម្លៃអង្ករស នៅលើទីផ្សារតាមប្រទេសមួយចំនួនក្នុងតំបន់ មានការកើនឡើង ព្រម​ទាំង​​បានធ្វើឱ្យតម្លៃ​ស្រូវ​នៅក្នុងប្រទេសកម្ពុជា ក៏​កើនឡើង​មិនធ្លាប់មាន​ផង​ដែរ៕