បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ” នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ បានលើកសរសើរអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ថាជាថ្នាក់ដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសប់ ដែលបានដឹកនាំសភាពាណិជ្ជកម្មកម្ពុជា ឱ្យទទួលបាននូវសមិទ្ធផលធំៗជាច្រើន ទាំងកម្រិតជាតិនិងអន្តរជាតិ។
លោកបណ្ឌិត តាន់ មុនីវណ្ណ បានបង្ហាញពីសមិទ្ធផលធំៗរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងវេទិការដ្ឋ-ឯកជន លើកទី៤ ស្តីពី «ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន» នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃព្រហស្បតិ៍នេះឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ន សភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ចំនួន ១៨, បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសមាគមក្នុងស្រុក និងសភាពាណិជ្ជកម្ម-សមាគមអន្តរជាតិ ចំនួន ៣៣។ លោកបណ្ឌិត បានឱ្យដឹងទៀតថា សភាពាណិជ្ជកម្មកម្ពុជា មានការិយាល័យតំណាងនៅក្រៅប្រទេសចំនួន ៧កន្លែង នៅ៤ប្រទេស (ជប៉ុន១, អូស្ត្រាលី២, កាណាដា២ និងសហរដ្ឋអាមេរិក១)។ ជាមួយគ្នានោះ សភាពាណិជ្ជកម្មកម្ពុជា ក៏មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយស្ថាប័នអន្តរជាតិជាច្រើនទៀតដូចជា ASEAN-BAC, EABC, GMS-BC, ACMECS-BC, Mekong-Lancang BC, Mekong-Korea BC, ASEAN-ROK BC, ASEAN Manufacturers Network ជាដើម-ល-។
អគ្គនាយករងក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប បានបន្តថា ស្នាដៃធំៗទាំងនេះ ជាការបន្សល់ទុករបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងធ្វើឱ្យកម្ពុជាយើងអាចស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។ បន្ថែមពីនោះ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅអាណត្តិថ្មីនេះ ក៏នឹងជំរុញសភាពាណិជ្ជកម្មកម្ពុជា ឱ្យពង្រីកការិយាល័យនៅក្រៅប្រទេសកាន់តែច្រើនបន្ថែមទៀត។
បណ្ឌិត តាន់ មុនីវណ្ណ បានបន្ថែមដូច្នេះថា៖ “ក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសប់របស់អ្នកឧកញ៉ា គិត ម៉េង បានធ្វើឱ្យតួនាទីរបស់សភាពាណិជ្ជកម្មកាន់តែលេចធ្លោរទាំងនៅក្នុងស្រុក និងសកម្មភាពលើឆាកអន្តរជាតិ ពិសេសកិច្ចសហការជាមួយនឹងក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ដែលការងារនេះមានវិសាលភាពធំមែនទែន។ ក្រសួងពាក់ព័ន្ធនិងវិស័យឯកជនត្រូវដើរឱ្យស្របទិសជាមួយគ្នា ដើម្បីជជែកគ្នាទាំងអំពីទិដ្ឋភាពច្បាប់ និងប្រព័ន្ធសេដ្ឋកិច្ចពាណិជ្ជកម្ម។ ខ្ញុំឃើញប្រទេសអាស៊ានខ្លះ សភាពាណិជ្ជកម្មមិនបានធ្វើការជិតស្និតជាមួយរដ្ឋាភិបាលទេ ដែលពេលខ្លះទស្សនៈវិស័យឯកជនរបស់ពួកគេ គឺផ្ទុយពីទស្សនៈវិស័យរបស់រដ្ឋាភិបាល។ សម្រាប់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងអ្នកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានធ្វើឱ្យវិស័យរដ្ឋ និងឯកជន ធ្វើការជាមួយគ្នាកាន់តែស្អិតរមួត នៅអាណត្តិថ្មីនេះ”។
តាមការបញ្ជាក់ពីលោកបណ្ឌិត តាន់ មុនីវណ្ណ បច្ចុប្បន្នសភាពាណិជ្ជកម្មកម្ពុជា មានសមាជិកសរុបប្រមាណជាង ៧០០០នាក់។ សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងដោយច្បាប់តាំងពីឆ្នាំ១៩៩៥ ដែលជាស្ថាប័នមួយមិនស្វែងរកប្រាក់ចំណេញ សម្រាប់តំណាងផលប្រយោជន៍ឯកជន ក្នុងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម និងវិស័យកសិ-ឧស្សាហកម្ម។ ជាចក្ខុវិស័យសម្រាប់ឆ្នាំ២០២៤ សភាពាណិជ្ជកម្មកម្ពុជា ចង់ក្លាយខ្លួនជាសភាពាណិជ្ជកម្មល្អជាងគេបំផុត ក្នុងចំណោមប្រទេសតំបន់អាស៊ាន លើការជំរុញភាពប្រកួតប្រជែង និងកំណើនពាណិជ្ជកម្មកាន់តែខ្ពស់៕