ចាប់តាំងពីឆ្នាំ២០១៤ មកដល់បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា មានគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យចំនួន ៤គម្រោង ក្នុងនោះមានអ្នកឧកញ៉ា ២រូប ជាម្ចាស់គម្រោងចំនួន២។ នេះបើតាមការលើកឡើងរបស់លោក ប្រាក់ អង្គារ៉ា អគ្គនាយកលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងវេទិការដ្ឋ-ឯកជន លើកទី៤ ស្តីពីការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃព្រហស្បតិ៍ លោក ប្រាក់ អង្គារ៉ា បានបង្ហាញអំពីគម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យនៅកម្ពុជា មានដូចជា៖
១. លំនៅឋានទីក្រុងរណបសិរីមង្គល ៖ អភិវឌ្ឍដោយក្រុមហ៊ុនវើលដ៏ប៊្រីដ ហូម (World Bridge Home) របស់អ្នកឧកញ៉ា សៀ ឬទ្ធី។ ក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយទៀត របស់ វើលប៊្រីដ គ្រុប ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ មួយនេះ បានសាងសង់គម្រោងលំនៅឋានតម្លៃសមរម្យសុទ្ធសាធ លើផ្ទៃដី ២៤ហិកតា ចំនួនលំនៅឋាន ២៤៥៧ខ្នង ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ មកដល់បច្ចុប្បន្នក្រុមហ៊ុននេះ បានបញ្ចប់ការសាងសង់ ១០០%។
២. បុរីសែនមនោរម្យ ព្រែកតាទែន ៖ អភិវឌ្ឍដោយក្រុមហ៊ុន B & BM Development Co.,Ltd របស់ អ្នកឧកញ៉ា ផាត់ ប៊ុន។ គម្រោងនេះ សាងសង់លើផ្ទៃដី ៤០,៥៦ហិកតា មានប្រភេទលំនៅឋានច្រើន ប៉ុន្តែក្នុងនោះមានលំនៅឋានតម្លៃសមរម្យចំនួន ៧០០ខ្នង ហើយចែកការសាង់សង់ជា២ដំណាក់កាល។ បច្ចុប្បន្នគម្រោងមួយនេះ បានសាងសង់ដំណាក់កាលទី១ បាន ៩៧%។ បុរីសែនមនោរម្យ ព្រែកតាទែន ស្ថិតនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។
ក្រៅពីគម្រោងរបស់អ្នកឧកញ៉ាទាំង២រូបខាងលើ លោក ប្រាក់ អង្គារ៉ា បានបង្ហាញឱ្យដឹងទៀតថា គម្រោងទី៣ គឺបុរីហ្គេ្រនផាក របស់លោក តាំង សេងប៉ ស្ថិតនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ បុរីហ្គេ្រនផាក សាងសង់លើផ្ទៃដី ៥,១៦ហិកតា មានលំនៅឋានតម្លៃសមរម្យចំនួន ២០០ខ្នង សាងសង់ដំណាក់កាលទី១ រួចរាល់ ១០០% និងដំណាក់កាលទី២ សម្រេចការសាងសង់បាន ២៧%។
ចំណែកឯគម្រោងទី៤ គឺលំនៅឋានអារ៉ាខាវ៉ា របស់ក្រុមហ៊ុនជប៉ុន ស្ថិតនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គម្រោងនេះជាប្រភេទខុនដូ លើផ្ទៃដី ១,៣៦ហិកតា ដែលមានចំណែកឯនជនសរុប ៣១៦៤ យូនីត និងប្រភេទខុនដូលំនៅឋានតម្លៃសមរម្យចំនួន ១៩២៨យូនីត។ បច្ចុប្បន្ន គម្រោងលំនៅឋានអារ៉ាខាវ៉ា បានសាងសង់រួចរាល់ ១០០%។
លោក ប្រាក់ អង្គារ៉ា អគ្គនាយកលំនៅឋាន បានបង្ហើបឱ្យដឹងផងដែរថា ក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជានឹងមានគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យទី៥ អភិវឌ្ឍដោយក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត របស់អ្នកឧកញ៉ា ឃុន សៀ នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលគ្រោងទុនវិនិយោគប្រហែល ៤ពាន់លានដុល្លារអាមេរិក។
សូមជម្រាបថា បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិស្តីពីលំនៅឋាន ចាប់ពីឆ្នាំ២០១៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងសហការជាមួយវិស័យឯកជន បន្តជំរុញការអនុវត្តគម្រោងសាងសង់លំនៅឋានតម្លៃសមរម្យ ដើម្បីធានាឱ្យប្រជាពលរដ្ឋ ដែលមានចំណូលមធ្យម ចំណូលទាប និងងាយរងគ្រោះ មានលទ្ធភាពទិញលំនៅឋានសម្រាប់ការរស់នៅប្រកបដោយសុខុមាលភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕