លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានចូលរួមរៀបចំបើកវគ្គបណ្តុះបណ្តាលលើជំនាញ Soft Skill ដ៏សំខាន់មួយ ជូនដល់បុគ្គលិកក្រុមហ៊ុន អិម ភីក អេស៊ីអិមស៊ី (M’s Pig ACMC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ម៉ុង ឫទ្ធី គ្រុប ( Mong Rithy Group) របស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី ចំនួនប្រមាណ ១០០ នាក់។
ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបញ្ជាក់លើទំព័រហ្វេសប៊ុក ជាមួយនឹងការថ្លែងអំណរគុណ នាព្រឹកថ្ងៃអាទិត្យនេះថា សូមអរគុណក្រុមហ៊ុន M’s Pig របស់ក្រុមហ៊ុនយក្ស ម៉ុង ឫទ្ធី គ្រុប ដែលបានផ្តល់ឱកាសដល់ វិទ្យាស្ថាន អភិវឌ្ឍវិស័យអប់រំ (Educational Development Institute – EDI) រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ទម្លាប់៧យ៉ាងដ៏មានប្រសិទ្ធភាពខ្ពស់របស់បុគ្គលឆ្នើម” ជូនបុគ្គលិកប្រហែល ១០០នាក់។ ឧកញ៉ា ប៉ិច បូឡែន បានឱ្យដឹងផងដែរថា វគ្គបណ្តុះបណ្តាលនេះក៏មានចូលរួមសហការបណ្តុះបណ្តាលពីអ្នកគ្រូ នុត ក្លារ៉ា (Clara Nouth) នាយក Apsara Media Service ផងដែរ។
ក្រុមហ៊ុន M’s PIG ACMC គឺជាក្រុមហ៊ុនផ្គត់ផ្គង់សាច់ជ្រូកគុណភាពខ្ពស់ដ៏ធំមួយនៅកម្ពុជា បង្កើតឡើងតាំងពីឆ្នាំ២០០៨។ ក្រុមហ៊ុនមួយនេះ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិមនោរម្យ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
វិទ្យាស្ថាន អភិវឌ្ឍវិស័យអប់រំ (Educational Development Institute) ជាស្ថាប័នអប់រំមួយ ក្នុងការផ្តល់កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ សេវាប្រឹក្សាយោបល់ និងការស្រាវជ្រាវនៅកម្ពុជា។ វិទ្យាស្ថាន អភិវឌ្ឍវិស័យអប់រំ ជាបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ដែលបានបង្កើតឡើង នៅឆ្នាំ២០០៧៕