ក្នុងថ្ងៃបុណ្យណូអែល អ្នកឧកញ៉ា គិត ម៉េង សូមឱ្យជាថ្ងៃនៃការបំផុសស្មារតី ក្នុងការចូលរួមអបអរសាទរភាពស្រស់ស្អាតនៃវប្បធម៌ផ្សេងៗ។ នេះតើតាមការលើកឡើងរបស់អ្នកឧកញ៉ា នៅលើទំព័រហ្វេសប៊ុកផេកផ្ទាល់ខ្លួននាព្រឹកថ្ងៃទី២៥ ធ្នូ។
ទោះបីជាបុណ្យណូអែល មិនមែនជាផ្នែកនៃពិធីបុណ្យប្រពៃណីរបស់យើង ប៉ុន្តែជារដូវកាលបុណ្យពិសេសសម្រាប់អ្នកដែលប្រារព្ធពិធី។ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើង។
អ្នកឧកញ៉ាថា បុណ្យណូអែល គឺជាពេលវេលាសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍ ដើម្បីជួបជុំគ្នា ផ្លាស់ប្តូរស្នាមញញឹម និងបង្កើតអនុស្សាវរីយ៍ដ៏រីករាយ។ ជាមួយគ្នា នៅក្នុងប្រទេសកម្ពុជា យើងអាចប្រារព្ធពិធីនេះ ដោយការពិសាម្ហូបខ្មែរឆ្ងាញ់ៗ ការជួបជុំគ្នា ការរៀបចំភ្លើងបំភ្លឺផ្ទះឱ្យស្រស់ស្អាត និងប្រាថ្នាផ្សង។
អមជាមួយរូបភាពដ៏ស្រស់ស្អាត នៃការជួបជុំក្រុមគ្រួសារ ក្នុងឱកាសអបសារទរបុណ្យណូអែល អ្នកឧកញ៉ា សូមឱ្យបុណ្យណូអែលជាពេលដែលបង្រួបបង្រួមដួងចិត្តរបស់យើងទាំងអស់គ្នាក្នុងស្មារតីប្រកបដោយភាពរីករាយ និងរួបរួមគ្នា។ សូមឱ្យបុណ្យណូអែលបំផុសស្មារតីអ្នកឱ្យអបអរសាទរភាពស្រស់ស្អាតនៃវប្បធម៌ផ្សេងៗ និងភាពកក់ក្តៅនៃរដូវកាលនេះ។
សូមជម្រាបជូនផងដែរថា បុណ្យណូអែលគឺជាបុណ្យអបអររបស់គ្រិស្តបរិស័ទ រលឹកដល់ថ្ងៃប្រសូតព្រះយេស៊ូគ្រីស្ត ។ អ្នកកាន់សាសនាគ្រីស្ត តែងតែប្រារព្ធពិធីនេះ និងជាពេលវេលានៃសេចក្តីអំណរ សេចក្តីស្រឡាញ់ និងសុច្ឆន្ទៈ។ ជាមួយគ្នានេះដែរ ថ្ងៃ២៥ ខែធ្នូ គ្រីស្តបរិស័ទ ចាត់ទុកថាជាពន្លឺនៃពិភពលោក និងជាអំណោយដ៏អស្ចារ្យបំផុតនៃមនុស្សទាំងអស់។ វាក៏ជាឱកាសមួយសម្រាប់ក្រុមគ្រួសារ និងសហគមន៍ក្នុងការជួបជុំគ្នា សម្តែងការដឹងគុណ និងចែករំលែកនូវស្មារតីនៃការផ្តល់ឱ្យ៕
អត្ថបទ៖ សុកធា