តបតាមការអញ្ជើញពីក្រុមអ្នកវិនិយោគិនហុងកុង អ្នកឧកញ៉ា ឡេង ប្រុស បានដឹកនាំគណៈប្រតិភូវិស័យឯកជនទៅទស្សនកិច្ចការងារនៅក្រុមហ៊ុនជាច្រើននាទីក្រុងហុងកុង រយៈពេល៤ថ្ងៃ ចាប់ថ្ងៃទី២១-២២-២៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីបង្ហាញអំពីកាលានុវត្តភាព សក្តានុពល និងឱកាសវិនិយោគដល់វិនិយោគិនហុងកុង មកបណ្តាក់ទុនរកស៊ីនៅប្រទេសកម្ពុជា។

ក្នុងឱកាសអញ្ជើញដល់ទីក្រុងហុងកុង កាលពីថ្ងៃទី២១ ខែធ្នូ អ្នកឧកញ៉ា ឡេង ប្រុស និងគណៈប្រតិភូបានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ពេជ្រ ពុទ្ធិសាធបូព៌ានាគី អគ្គកុងស៊ុល នៃស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំទីក្រុងហុងកុង និងម៉ាកាវ។

បើតាម លោក សេង សុខុមប្រធានអ្នកសម្របសម្រួលកិច្ចការខាងលើបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចថ្ងៃទី២ អ្នកឧកញ៉ា ឡេង ប្រុស អញ្ជើញមានជំនួបពិភាក្សាការងារត្រីភាគីជាមួយលោក Behzad Mirzaei ប្រធានក្រុមហ៊ុនប្រឹក្សាពិគ្រោះយោបល់ និងលោក Eddie Look ប្រធានផ្នែកប្រតិបត្តិសាជីវកម្ម និងពាណិជ្ជកម្មនៅក្រុមហ៊ុនច្បាប់ហុងកុង Tanner De Witt Solicitors ។ ក្នុងជំនួបនោះអ្នកឧកញ៉ាបានជម្រាបជូនគណៈប្រតិភូហុងកុង អំពីច្បាប់វិនិយោគថ្មីដែលកម្ពុជាអនុម័តឲ្យប្រើប្រាស់នាពេលកន្លងទៅដើម្បីជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសវិនិយោគដ៏សំបូរបែបជូនវិនិយោគិនបរទេសមកបណ្តាក់ទុនរកស៊ីនៅប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរអំឡុងស្នាក់នៅទីក្រុងហុងកុង នាថ្ងៃព្រឹកទី២៣ខែធ្នូ អ្នកឧកញ៉ា ឡេង ប្រុស និងគណៈប្រតិភូពីកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន KEMP ដឹកនាំលោក Anthony Chan (Partner) និង លោកស្រី Pauline Shum ជាអ្នកតំណាងអ្នកវិនិយោគិន ហុងកុង និងអង់គ្លេស។ ក្នុងជំនួបនោះភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងផុសផលអំពីគោលបណងនៃការវិនិយោគវិស័យអចលនទ្រព្យ និងមីក្រូហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ លោក Anthony Chan ក៏បានជម្រាបជូនអ្នកឧកញ៉ា ឡេង ប្រុស អំពីបំណងអញ្ជើញមកទស្សនកិច្ចនៅគម្រោងដែលបានពិភាក្សាគ្នា និងចុះកិច្ចសហប្រតិបត្តិការណ៍លើកការ វិនិយោគនៅកម្ពុជានាពេលខាងមុខ។

បន្ថែមទៀតនោះ អ្នកឧកញ៉ា ឡេង ប្រុស ក៏បានបន្តមានជំនួបការងារជាមួយលោក Behzad Mirzaei និងលោក Robin Fox នាយកផ្នែកហិរញ្ញវត្ថុប្រចាំនៅហុងកុង។ ជាការឆ្លើយតបលោក Robin Fox បានជម្រាបជូនថា លោកនឹងដឹកនាំគណៈប្រតិភូមកកម្ពុជាដើម្បីពិនិត្យលើគម្រោងវិនិយោគ និង គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវ៉ាត្រា ភីអិលស៊ី ព្រមទាំងធ្វើការចុៈអនុស្សារណៈយោគយល់គ្នា MoU ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
ជុំវិញដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃនៅទីក្រុងហុងកុងនេះ លោក សេង សុខុម ជំនួយការអ្នកឧកញ៉ា ឡេង ប្រុស បានបង្ហាញពីលទ្ធផលក្នុងដំណើរទស្សនកិច្ចនេះថា ទទួលលទ្ធផល ជាផ្លែផ្កាជាទីមោកទន។ លោកបន្តថា ជំនួបជាមួយក្រុមវិនិយោគិនហុងកុង សុទ្ធតែបង្ហាញបំណងមកសិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ព្រមទាំងមានគម្រោងចុះ MoU លើកិច្ចសហប្រតិបត្តិការមួយចំនួននាពេលខាងមុខ៕




