ឧកញ៉ា កែវ មុំ ប្រធានសហគ្រិនស្រ្ដីកម្ពុជា អញ្ជើញចូលរួមសម្ពោធបើកដំណើរការសមាគមសហគ្រិនស្រ្ដីកម្ពុជា សាខាខេត្តកោះកុង កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅសាលមហោស្រព ខេត្តកោះកុង។

ពិធីសម្ពោធជាផ្លូវការសមាគមសហគ្រិនស្រ្តីកម្ពុជា សាខាខេត្តកោះកុង មានការអញ្ជើញចូលរួមពីសំណាក់ ឧកញ៉ា កែវ មុំ ប្រធានសហគ្រិនស្រ្តីកម្ពុជា , លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង, លោកជំទាវ អេលីដា គីមស្រ៊ុន ប្រធានគណៈកម្មាធិការអភិឌ្ឍនស្ថាប័ន និងលោកស្រី លឹម ណាវី សមាជិកក្រុមប្រឹក្សាភិបាលសមាគម។

សមាគមសហគ្រិនស្ដ្រីកម្ពុជា សាខាខេត្តកោះកុង ដឹកនាំដោយលោកជំទាវ ថុង ណាត់ស្យា ។ សាខាថ្មីនៅខេត្តកោះកុងនេះ បានបង្ហាញពីឆន្ទៈរបស់បងប្អូនស្ត្រីដែលមានចិត្តចង់ចូលរួមក្នុងការកសាងសមត្ថភាពនឹងពង្រីកទីផ្សារសម្រាប់អាជីវកម្មរបស់ខ្លួន ព្រមទាំងជួយលើកស្ទួយដល់សហគ្រិនស្ត្រី ឱ្យមានភាពក្លាហាន ក្នុងការសម្រេចចិត្ត នឹងធ្វើអាជីវកម្មមួយសមស្របផងដែរ។
សូមជម្រាបជូនថា សមាគមសហគ្រិនស្ដ្រីកម្ពុជា បានពង្រីកខ្លួនជាច្រើនខេត្តក្នុងប្រទេសកម្ពុជា តាមរយៈផែនការ CWEA នឹងបង្កើតសាខាឲ្យបានគ្រប់ខេត្ត-ក្រុង នៅត្រឹមចុងឆ្នាំ២០២៥។

សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) គឺជាអង្គការសមាជិកមួយ បានបង្កើតឡើងនៅក្នុងឆ្នាំ២០១១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ក្រសួងកិច្ចការនារី ដោយមានការគាំទ្របច្ចេកទេសពីសំណាក់ធនាគារពិភពលោក និងសហគ្រិនស្រ្តីកម្ពុជាចំនួន១៤រូប។ សមគមសហគ្រិនស្រ្តីកម្ពុជា មានគោលបំណងជួយគាំទ្រឱ្យស្ដី្រមានការរីកចម្រើនផ្នែកធុរកិច្ចតាមរយៈការផ្ដល់ឱ្យស្ដ្រីនូវវេទិកាធុរកិច្ច និងឱកាសរៀបចំបង្កើតបណ្ដាញស្រ្តីទាំងនៅក្នុង និងក្រៅប្រទេស ក៏ដូចជាគាំទ្រដល់ការបង្កើតប្រព័ន្ធអេកូសហគ្រិនភាពសម្រាប់ស្រ្តីក្នុងប្រទេសកម្ពុជាផងដែរ៕
អត្ថបទ៖ សុកធា

