ភាគទី១៖ អ្នកឧកញ៉ា៧រូប ក្តោបតំណែងជាសន្លឹកអាត់ពាណិជ្ជកម្មដ៏ល្បីប្រចាំប្រទេសកម្ពុជា

ជុំវិញ​ឧកញ៉ា

ក្នុងឆ្នាំ២០២៣នេះ ពិភពលោកបាននឹងកំពុងជួបវិបត្តិផ្ទួនៗគ្នាដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ច។ និយាយដាច់ដោយឡែកសម្រាប់កម្ពុជាឯណេះវិញ ក៏បានជួបហើយបាននឹងកំពុងដោះស្រាយបណ្តើរៗជាជំហានៗពីរាជរដ្ឋាភិបាល ខណៈវិស័យឯកជនបានបន្តជ្រោងខ្លួនឯងដ៏លំបាកស្ថិតក្នុងស្ថានភាពដូចពេលបច្ចុប្បន្ននេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទាំងនៅលើពិភពលោកក៏មានមហាសេដ្ឋីមួយចំនួនបន្តកើនឡើងទ្រព្យសម្បត្តិ ហើយក៏មានសេដ្ឋី មហាសេដ្ឋីមួយចំនួនប្រកាសក្ស័យធនលក់ក្រុមហ៊ុនបាត់មុខពីបញ្ជីតារាងកំពូលអ្នកមានលុយលើពិភពលោកជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ កម្ពុជាសម្រាប់ឆ្នាំ២០២៣នេះ ក៏មានពាណិជ្ជករ សប្បុរសជនជាច្រើនទទួលបានគោរមងារឧកញ៉ា និងអ្នកឧកញ៉ា ដែលគោរមងារដ៏ឧដុង្គឧត្តមប្រទានពីព្រះមហាក្សត្រ បញ្ជាក់ពីចំនួនអ្នកមានកើនឡើងជាលំដាប់ ហើយក៏មានអ្នកឧកញ៉ា ឧកញ៉ាមួយចំនួនកំពុងបាត់មុខពីពិភពជំនួញ ខណៈអ្នកជំនួញមួយចំនួនត្រូវបានតុលាការផ្ទន្ទាទោសផងដែរ។

ទោះបីជាមានរឿងរ៉ាវដូចរៀបរាបខាងលើក្តី សម្រាប់អ្នកឧកញ៉ាគ្រាក់ៗនៅប្រទេសកម្ពុជាមួយចំនួននៅតែបន្តបោះទុនវិនិយោគក្នុងទំហំទុនរាប់ពាន់ដុល្លារដើម្បីពង្រីកគម្រោងអាជីវកម្មឥតស្រាក់ស្រាន។ ជាមួយគ្នានេះក្រុមអ្នកឧកញ៉ាទាំងនោះបានបន្តធ្វើសកម្មភាពកិច្ចការងារមនុស្សធម៌ជាហូរហែទាំងផ្ទាល់ និងប្រយោជន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ខាងក្រោមនេះ ឧកញ៉ាញូស៍បានដកស្រង់សម្តីពីអ្នកជំនាញ អ្នកតាមដានស្ថានភាពសង្គមនិងសេដ្ឋកិច្ចបានរកឃើញនៅអ្នកឧកញ៉ាចំនួន ៧រូប កំពុងតែរះក្នុងពិភពជំនួញនៅប្រទេសកម្ពុជាពង្រីកអាជីវកម្មធំៗជាច្រើនក្នុងដៃ រួមមាន៖ អ្នកឧកញ៉ា លាង ឃុន ម្ចាស់សម្ព័ន្ធក្រុមហ៊ុន ជីបម៉ុង គ្រុប, អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, អ្នកឧកញ៉ា​ ពុង ឃាវសែ ម្ចាស់សម្ព័ន្ធក្រុមហ៊ុន វិនិយោគអាណិកជន OCIC, អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន អិល.វ៉ាយ.ភី គ្រុប, អ្នកឧកញ៉ា សុខ គង់ ម្ចាស់ក្រុមហ៊ុន ស៊ូគីម៉ិច គ្រុប, អ្នកឧកញ៉ា សំ អាង ម្ចាស់សម្ព័ន្ធក្រុមហ៊ុន វឌ្ឍនៈ គ្រុប និងអ្នកឧកញ៉ា លី ហួរ ម្ចាស់សម្ព័ន្ធក្រុមហ៊ុន លីហួរ គ្រុប ជាដើម។

ការចាត់តំណាត់ថ្នាក់ជាកំពូលមហាសេដ្ឋីលំដាប់ប្រទេសកម្ពុជានេះ ដោយផ្អែកលើសកម្មភាព របាយការណ៍ និងការពង្រីកអាជីវកម្មរបស់ក្រុមអ្នកឧកញ៉ាទាំងនេះ បើទោះជាបច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចមិនទាន់រ៉ើកំរើកឡើងវិញក្តី ក៏ក្រុមអ្នកឧកញ៉ាទាំងអស់ខាងលើបន្តបោះទុនវិនិយោគឥតឈប់។ បើនិយាយដល់ក្រុមហ៊ុន និងបុត្រសម្ព័ន្ធវិញ ក្រុមអ្នកឧកញ៉ាទាំងនេះគ្រប់គ្រងអាណាចក្រជំនួញប្រាក់ពាន់លាន និងគម្រោងម្នាក់ៗមិនក្រោម១០នៅក្នុងដៃនោះឡើយជាមួយបុគ្គលិកសរុបរាប់ម៉ឺនកន្លែងក្នុងការផ្តល់ឪកាសការងារឲ្យពលរដ្ឋខ្មែរ ព្រមទាំងកម្លាំងពលកម្មពីប្រទេសផងដែរ។

តាមរយៈសកម្មភាពនិងការពង្រីកអាជីវកម្ម ព្រមទាំងផ្តល់កម្លាំងពលកម្មការងាររាប់ម៉ឺនកន្លែងពីក្រុមហ៊ុនរបស់ក្រុមអ្នកឧកញ៉ាខាងលើពិតណាស់ថា ក្រុមហ៊ុនខ្នាតយក្សលំដាប់ប្រទេសទាំងអស់នោះកំពុងចូលរួមបង់ពន្ធយ៉ាងសន្ធឹកសន្ធាប់ជូនដល់រាជរដ្ឋាភិបាល និងជ្រោងសេដ្ឋកិច្ចជាតិតាមរយៈការអភិវឌ្ឍន៍គម្រោងនានាជាច្រើនរបស់ពួកគេ។

បន្ថែមទៀតនោះ ក្រុមហ៊ុនយក្សក្នុងស្រុករបស់មហាសេដ្ឋីលំដាប់ប្រទេស៧រូបនេះ ក៏តែងតែបង្ហាញមុខក្នុងការចូលរួមវិភាគទានជាទឹកប្រាក់ សម្ភារៈ និងធនធានផ្សេងៗដល់រាជរដ្ឋាភិបាល ក្នុងគ្រាដែលរដ្ឋត្រូវការជំនួយបន្ទាន់ណាមួយដើម្បីដោះស្រាយបញ្ហាគ្រោះមហន្តរាយនានាផងដែរ៕