តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (Phnom Penh Special Economic Zone) គឺជាតំបន់សេដ្ឋកិច្ចពិសេសដ៏មានសក្តានុពលនិងធំជាងគេបំផុតមួយនៅកម្ពុជា ដែលត្រូវបានបង្កើតឡើង បន្ទាប់ពីបានទទួលសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា និងមានលោកស្រីឧកញ៉ា លីម ឈីវហូរ ជាប្រធានក្រុមប្រឹក្សាភិបាល តាំងពីបង្កើតក្រុមហ៊ុនដំបូង នៅឆ្នាំ២០០៦។
កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសមួយនេះ បានក្លាយខ្លួនទៅជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។ លុះដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ទិញបានភាគហ៊ុនប្រមាណ ៤៥,០៩ភាគរយ និងបានក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេ ហើយបានគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
ក្នុងសេចក្តីថ្លែងការណ៍កាលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា នេះជាកំណត់ត្រាដ៏អស្ចារ្យមួយទៀតសម្រាប់ក្រុមហ៊ុន Royal Group។ អ្នកឧកញ៉ា បានបន្តថា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានក្រុមហ៊ុនវិនិយោគជាច្រើនមកពីប្រទេសជប៉ុន ចិន សិង្ហបុរី សហរដ្ឋអាមេរិក ម៉ាឡេស៊ី ហូឡង់ និងអូស្ត្រាលី ដែលជាទីផ្សារឧស្សាហកម្មដ៏ធំរួមមាន ផ្នែកយានយន្ត កាត់ដេរ ភេសជ្ជៈម្ហូបអាហារ ផលិតផលផ្លាស្ទិក ផលិតផលអេឡិចត្រូនិក និងគ្រឿងអលង្ការ។
សូមជម្រាបថា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង ដែលមានទីតាំងនៅជាប់ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ បានផ្លាស់ប្តូរឈ្មោះថ្មីទៅជា «តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ» (Royal Group Phnom Penh Special Economic Zone) វិញ កាលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ តំបន់សេដ្ឋកិច្ចពិសេសនេះ មានផ្ទៃដីប្រមាណ ៤៥០ហិកតា និងបច្ចុប្បន្នមានក្រុមហ៊ុនអន្តរជាតិជាង ៩០ មកពីបណ្តាប្រទេសជាច្រើន៕