ក្នុងឱកាសខួបលើកទី២៥ នៃការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ ដោយជោគជ័យ របស់សម្ដេចតេជោហ៊ុន សែន ស្ថាបនិកបិតាសន្ដិភាព ឧកញ៉ា កែវ មុំ បាននិពន្ធបទចម្រៀងមួយបទ ក្រោមចំណងជើងថា «មគ្គុទេសក៍ ឯកសន្តិភាព» ដើម្បីជាការដឹងគុណសម្ដេចតេជោហ៊ុន សែន។ នេះបើតាមការបង្ហាញឱ្យដឹងពីលោកស្រីឧកញ៉ា កែវ មុំ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។

លោកស្រីឧកញ៉ា បានលើកឡើង លើទំព័រហ្វេសប៊ុក អមជាមួយបទចម្រៀងថា «ដើម្បីជាការដឹងគុណ ដល់ សម្ដេចតេជោ ដែលបានលះបង់បូជាជីវិតស្វែងរកសន្តិភាពជូនបងប្អូនប្រជាពលរដ្ឋ។ ក្នុងនាមនាងខ្ញុំ ជា ប្រជា ពលរដ្ឋម្នាក់ នាងខ្ញុំសូមនិពន្ធបទចម្រៀងមួយបទ ជូនសម្ដេចតេជោ និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ជាទី សណ្តាប់»។ ជាមួយគ្នា លោកស្រីឧកញ៉ា ក៏បានជូនពរ ឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ រស់នៅក្រោម ម្លប់សន្តិភាពជារៀងរហូត។

បទ «មគ្គុទេសក៍ឯកសន្តិភាព» ដែលលោកស្រី ឧកញ៉ា បាននិពន្ធឡើង បានរំលេចឱ្យឃើញពីការ កំណត់យក ថ្ងៃទី២៩ធ្នូ ជាថ្ងៃជោគជ័យនៃនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ព្រមទាំងរៀបរាប់ពីភាពវៃឆ្លាត របស់ សម្ដេចតេជោ ម៉ឺងម៉ាត់ ច្បាស់លាស់ ប្រកបដោយទំនួលខុសត្រូវ ក្នុងការដឹកនាំប្រទេសកម្ពុជា ទៅរកត្រើយ សន្តិភាព ប្រជាជនរស់នៅបានសុខសប្បាយ ព្រមទាំងបង្ហាញនូវបេះដូងពោរពេញដោយក្ដីស្រឡាញ់ តាមរយៈ ពាក្យស្លោក «អរគុណសន្ដិភាព» និងបង្ហាញពីភាពកត្ដញ្ញូដល់មគ្គុទេសក៍ឯក សន្ដិភាព សម្ដេចតេជោ។
សូមជម្រាបជូនផងដែរថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាថ្ងៃបញ្ចប់សង្គ្រាមស៊ីវិល និងធ្វើឱ្យកម្ពុជាទទួលបាន សុខ សន្តិភាពពេញលេញ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា។ នេះគឺជាឱកាសមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលទឹកដីកម្ពុជាបានឆ្លងផុតពីភ្លើងសង្គ្រាម ហើយប្រជាជនបានរួមរស់ក្នុងសុខសន្តិភាពយ៉ាងពេញលេញបរិបូណ៍៕
អត្ថបទ៖ សុកធា


