អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពរៀបចំស្ថាបនាការចាក់បេតុងផ្លូវថ្មី ដែលតភ្ជាប់ពី ឧទ្យានជាតិព្រះមុនីវង្ស បូកគោ ឆ្ពោះទៅផ្លូវជាតិលេខ៤ ប្រវែង ៦១គីឡូម៉ែត្រ។
អ្នកឧកញ៉ាប្រធានក្រុមហ៊ុន សុខាអូតែល តែងយកចិត្តទុកដាក់ខ្ពស់លើសកម្មភាពសាងសង់នានា នៅក្នុងគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ ជាញឹកញាប់អ្នកឧកញ៉ាតែងអញ្ជើញចុះពិនិត្យដោយផ្ទាល់ទាំងគម្រោងរបស់ក្រុមហ៊ុន សុខា រៀល អ៊ីស្តេត, គម្រោងសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ក្នុងតំបន់វាលស្រែ៥០០ និងគម្រោងស្ថាបនាផ្លូវថ្មី ភ្នំបូកគោ-ផ្លូវជាតិលេខ៤ នេះជាដើម។
តាមគម្រោងប្លង់ ផ្លូវធ្វើដំណើរឡើងភ្នំបូកគោ ប្រវែង ៦១គីឡូម៉ែត្រ ដែលឆ្លងកាត់ចំការដូងប្រេងរបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រវែង ១៥គីឡូម៉ែត្រនេះ មានទទឹងផ្លូវសរុបប្រមាណ ២០ម៉ែត្រ ក្នុងនោះមានផ្លូវរថយន្តទៅមក ៧ម៉ែត្រ ផ្លូវម៉ូតូទៅមក ៦ម៉ែត្រ និងចិញ្ចើមផ្លូវប្រវែង ៣,៥ម៉ែត្រទាំងសងខាង។
ផ្លូវថ្មីនេះ បានបញ្ចប់ការឈូសឆាយ ១០០% ជាផ្លូវការ កាលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ និងបច្ចុប្បន្នកំពុងបន្តស្ថាបនាលើការចាក់បេតុងទៅតាមផែនការនៃគម្រោងជាបន្តបន្ទាប់ មុនឈានដល់ការចាក់កៅស៊ូ។
សូមបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវតភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោ មកផ្លូវជាតិលេខ៤ ត្រង់ចំណុច គីឡូម៉ែត្រលេខ១៥៨+២៩១ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចកាលពីដើមឆ្នាំ២០២២ ឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយអ្នកជំនួញជើងចាស់ពីររូបគឺ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ និងអ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី បើកការឈូសឆាយធ្វើផ្លូវថ្មីនេះឡើង ដើម្បីមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ចំណេញពេលវេលា ជួយលើកកម្ពស់សេដ្ឋកិច្ច គាំទ្រដល់ការវិនិយោគ និងទាក់ទាញផ្នែកទេសចរណ៍៕