នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ អ្នកឧកញ៉ាសួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំអ៊ិចប្រេស និងលោកជំទាវ ប៊ុន ចន្ធូ បាននាំយកថវិកាចំនួន ១២០លានរៀល ប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុបា្ផ ដើម្បីជាការចូលរួមចំណែកក្នុងការជួយសង្រ្គោះដល់កុមារកម្ពុជាទូទាំងប្រទេស។

អ្នកឧកញ៉ាសួរ វីរៈ បានលើកឡើងថា នេះជាកាដូចុងឆ្នាំជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងកុមារកម្ពុជា ហើយក៏ជាកាដូលើកទី៧ ដែលក្រុមហ៊ុនវីរ:ប៊ុនថាំ តែងតែយកចិត្តទុកដាក់ពីសុខទុក្ខកុមារកម្ពុជា។ ក្នុងឱកាសឆ្នាំថ្មីខាងមុខនេះ អ្នកឧកញ៉ាសូមជូនពរ កុមារកម្ពុជាទាំងអស់ឱ្យមានសុខភាពល្អ និងរួចផុតពីជំងឺទាំងឡាយ។
អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំអ៊ិចប្រេស បានបន្ថែមដូច្នេះទៀតថា៖ “ថ្ងៃនេះផងដែរ ខ្ញុំបានទទួលនូវដំណឹងគួរឱ្យត្រេកអរល្អមួយទៀត ដែលថ្មីៗនេះមន្ទីរពេទ្យគន្ធបុប្ផាបានបើកផ្តល់នូវសេវា ព្យាបាលជំងឺមហារីកទូទៅជូនដល់កុមារកម្ពុជាទាំងអស់ ដែលជាក្តីសង្ឃឹមដ៏ធំធេងសម្រាប់កុមារកម្ពុជា។ ខ្ញុំសូមអរគុណគ្រូពេទ្យទាំងអស់ដែលតែងតែយកចិត្តទុកដាក់ លះបង់អស់ពីកំលាំងចិត្ត និងកាយព្យាបាលកុមារកម្ពុជា”។


គួររំឮកដែរថា ថវិកាសប្បុរសធម៌ ចំនួន ១២០លានរៀល ដែលស្ថាបនិកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបរិច្ចាគលើកនេះ គឺជាលើកទី៧ ហើយ ក្នុងនោះបើគិតជាថវិកាសរុប ចូលជិត ១៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងសេវាកម្មបញ្ញើរឆាប់រហ័ស ឈានមុខគេនៅកម្ពុជាមួយនេះ បានរួមចំណែកក្នុងវិស័យសុខភាពសាធារណៈ ក៏ដូចជាការជួយសង្គ្រោះជីវិត និងព្យាបាលកុមារក្នុងប្រទេសកម្ពុជា៕