លោក ឌួង ឆាយ ដែលធ្លាប់កាន់ងារឧកញ៉ាហើយត្រូវបានបញ្ជប់គោរមងារវិញនោះ ឥឡូវបានសម្រេចចិត្តចូលរោងជ័យជាមួយស្រ្តីវ័យក្មេងម្នាក់ឈ្មោះ ហ៊ មុីលី កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់លោកបានផ្តាច់ចំណងអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ជាមួយលោកស្រី ដេត ម៉ាលីណា ជាច្រើនខែ ដោយបន្សល់ទុកកូនប្រុសស្រីចំនួន២នាក់។

ពិធីមង្គលការលោក ឌួង ឆាយ ត្រូវបានរៀបចំឡើងតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ក្រោមការចូលរួមពីលោកមេបាចាស់ទុំត្រកូលរាមច្បងទាំងសងខាង និងភ្ញៀវកិត្តិយសជាច្រើនរយនាក់។ ក្នុងពិធីកិច្ចមង្គលការក្រៅពីរៀបចំតាមទម្រង់ទំនៀមទម្លាប់ខ្មែរហើយនោះ ក៏មានរៀបចំតាមកិច្ចប្រពៃណីជនជាតិចិន-វៀតណាមផងដែរ។
កិច្ចអាពាហ៍ពិពាហ៍របស់អតីតឧកញ៉ា ឌួង ឆាយ រូបនេះមានអញ្ជើញចូលរួមដឹកនាំកូនប្រុសស្រីពីឧកញ៉ា២រូប គឺលោកស្រីឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឺមយ៉ាន និងលោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ភរិយាសម្តេចក្រឡាហោម ស ខេង លោកស្រី ញ៉ែម សាខន ស ខេង, លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីភ្ញៀវកិត្តិយជាច្រើនរូបទៀត។

បើតាមការឲ្យដឹងនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោក ឌួង ឆាយ បានលើកឡើងថា ពិធីមង្គលការរបស់លោកនិងកញ្ញា ហ៊ មុីលី មានភ្ញៀវកិត្តិយសអញ្ជើញចូលរួមប្រមាណ ២ពាន់នាក់។ លោកថ្លែងថា «សូមគោរពថ្លែងអំណរគុណថ្នាក់ដឹកនាំ និងពូមីងបងប្អូន ២,០០០នាក់ដែលបានផ្តល់កិត្តិយសចូលរួមពិធីអាពាហ៍ពិពាហ៍យើងខ្ញុំដោយបរិសុទ្ធស្មោះត្រង់ជាទីបំផុតទោះបីខ្ញុំបាទគ្មានឋានៈ និងតួនាទីនៅក្នុងសង្គមក្តី។ ខ្ញុំបាទនឹងចងចាំទុកក្នុងក្រអៅបេះដូងអស់មួយជីវិត»៕










