អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមបើកកម្មវិធីដើរម៉ារ៉ាតុង ក្រោមប្រធានបទ “ដំណើរទៅកាន់មនុស្សធម៌” ក្រោមអធិបតីភាព លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងអ្នកចូលរួមជាច្រើនរយនាក់។

កម្មវិធី “ដំណើរទៅកាន់មនុស្សធម៌” នេះ ធ្វើឡើងរួមគ្នាដើរដើម្បីសុខភាព និងគាំទ្រសកម្មភាពសប្បុរសធម៌ និងដើម្បីចូលរួមលើកកម្ពស់សុខភាព មិត្តភាព និងស្នាមញញឹមកុមារ ដើរជាមួយគ្នាបានគ្រប់វ័យ ជាលក្ខណៈគ្រួសារ ឬជាក្រុម។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា លោកនិងភរិយា ព្រមទាំងក្រុមគ្រួសារ បានចូលរួមកម្មវិធីក្រោមប្រធានបទ “ដំណើរទៅកាន់សប្បុរសធម៌” ហើយថវិកាដែលទទួលបានពីការបរិច្ចាគនឹងប្រគល់ជូនទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា។ ជាមួយគ្នានេះ លោកក៏សូមអរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើឱ្យកម្មវិធីនេះប្រព្រឹត្តទៅរលូនតាមការគ្រោងទុក។ លោកបន្តថា កម្មវិធីមនុស្សធម៌នេះ ប្រព្រឹត្តទៅបានដោយសារប្រទេសមានសន្តិភាព។

សូមជម្រាបថា កម្មវិធីដើរម៉ារ៉ាតុង ក្រោមប្រធានបទ “ដំណើរទៅកាន់មនុស្សធម៌” មានរយៈចម្ងាយ ៥គីឡូម៉ែត្រ ចាប់ផ្តើមពីបរិវេណវិថីអ្នកឧកញ៉ា លី ហួរ បុរីវិមានភ្នំពេញ គម្រោងទី១២ នាវេលាម៉ោង ៥:៣០ព្រឹក រហូតដល់ម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នេះ។ ចំណែកឯវិភាគទានដែលទទួលបានពីសប្បុរសជននានា នឹងធ្វើការផ្តល់ជូនទៅ មូលនិធិគន្ធបុប្ផាកម្ពុជា៕



