ក្រុមហ៊ុន ព្រីនស៍រៀលអីស្តេត គ្រុប បានចាប់ដៃសហការជាមួយក្រុមហ៊ុនមកពីឥណ្ឌូនេស៊ី ម៉ាសវើក ធ្វើការសាងសង់ទីលានវាយកូនហ្គោល Bay19 លើកដំបូងនៅខេត្តព្រះសីហនុ។

កម្មវិធីបើកការដ្ឋានសាងសង់ទីលានវាយកូនហ្គោលBay19 នេះធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមលោក លី ធុច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន ,លោក សេង ម៉េងហុង រដ្ឋលេខាធិការក្រសួងទេសចរណ៍ ,លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក Santo Darmosumarto ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ទីលានវាយកូនហ្គោល Bay19 នឹងសាងសង់លើទឹកដីខេត្តព្រះសីហនុ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ។
ថ្លែងក្នុងពិធីបើកការដ្ឋានកីឡាវាយកូនហ្គោល នាយកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ BAY OF LIGHTS បានលើកឡើងថា ទីលានវាយកូនហ្គោល Bay19 គឺជាគោលដៅសម្រាប់ទេសចរណ៍កីឡាវាយកូនហ្គោល និងប្រៀបបានជាការបោះជំហានថ្មីមួយទៀតរបស់គម្រោងអភិវឌ្ឍន៍ក្នុងដំណើរឆ្ពោះទៅកាន់ការប្រែមុខមាត់ខេត្តព្រះសីហនុឱ្យក្លាយទៅជាគោលដៅលំដាប់ពិភពលោកសម្រាប់វិស័យទេសចរណ៍កីឡាវាយកូនហ្គោលជាមួយនឹងទីលានវាយកូនហ្គោលនៅមាត់សមុទ្រស្តង់ដារUSGAដំបូងបំផុតនៅខេត្តព្រះសីហនុ។

សូមជម្រាបជូនថា ដំណើរការសាងសង់ទីលានវាយកូនហ្គោលគ្រោងបញ្ចប់នៅឆ្នាំ២០២៧ និងការសាងសង់នៃទីលានទាំងមូលនិងគ្រោងបញ្ចប់នៅឆ្នាំ២០២៩ ដែលនឹងត្រៀមធ្វើឱ្យខេត្តព្រះសីហនុក្លាយជាគោលដៅដ៏សាកសមសម្រាប់ព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលនៅក្នុងតំបន់ និងសម្រាបការវាយកូនហ្គោលលំហែចុងសប្តាហ៍ផងដែរ៕
អត្ថបទ៖ សុកធា