ជាអ្នករកស៊ីជោគជ័យចាក់គ្រឹះយ៉ាងរឹងមាំក្នុងពិភពជំនួញនៅប្រទេសកម្ពុជាស្ទើរក្នុងពហុវិស័យជាង៣ទស្សវត្សរ៍នេះ អ្នកឧកញ៉ា ទ្រី ភាព បច្ចុប្បន្ននៅតែបន្តការពង្រីកអាជីវកម្មជាបន្តបន្ទាប់លើវិស័យលេចធ្លោរសម្រាប់ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគមួយចំនួន។

កាលដើមឡើយអ្នកឧកញ៉ារូបនេះ ល្បីល្បាញខាងជំនួញដឹកឈើនាំចេញទៅក្រៅប្រទេស ព្រមទាំងជំនួញវិស័យកសិកម្ម កសិ-ឧស្សាហកម្ម កាស៊ីណូ ភោជនីយដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស និងដឹកញ្ជូន។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុន ទ្រីភាព គ្រុប ដែលគ្រប់គ្រងដោយផ្ទាល់ពីអ្នកឧកញ៉ា ទ្រី ភាព បានបន្តបេសកកម្មជំនួញលើវិស័យសំណង់, កំពង់ផែទឹកជ្រៅ និងភស្តុភារកម្ម និងទេសចរណ៍បដិសណ្ឋារកិច្ចក្នុងទំហំទឹកប្រាក់រាប់ពាន់ដុល្លារវិនិយោគនៅតំបន់សក្តានុពលសំខាន់ៗដូចជានៅខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តកែប, ខេត្តពោធិ៍ និងខេត្តកំពង់ឆ្នាំងជាដើម។

ក្នុងឆ្នាំ២០២៤នេះ អ្នកឧកញ៉ា ទ្រី ភាព បានប្រកាសលើកទិសដៅអនុវត្ត និងជំរុញគម្រោងតាមផែនការដែលបានគ្រោងទុក ជុំរិញការ
អភិវឌ្ឍន៍រោងចក្រកៅស៊ូ, រីសតនៅក្រុងកែប ក្រុងព្រះសីហនុ កោះទន្សាយ, ការងារវិស្វកម្មនិងសំណង់, ការសាងសង់កំពង់ផែក្នុងស្រុក, ការសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ, ការងារភស្តុភារកម្ម និងក្រុមហ៊ុននាំចេញផ្សេងៗទៀត។ នេះបើតាមលទ្ធផលកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៤ កាលពីខែធ្នូឆ្នាំ២០២៣កន្លងទៅ។
នៅក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃដែលដឹកនាំដោយអ្នកឧកញ៉ា ទ្រី ភាព ថ្នាក់ដឹកនាំនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ និងសាខាទាំងអស់បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ថានឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចឱ្យបាននូវផែនការដែលបានគ្រោងទុករបស់ខ្លួន៕




