ឧកញ៉ា សំ សុខនឿន៖ ចាប់ពីឆ្នាំ២០១៩ ក្រុមហ៊ុនអចលនទ្រព្យខ្ញុំខាតជាង ១លានដុល្លារ តែខ្ញុំនៅបន្តទិញអចលនទ្រព្យជាយក្រុងទុកដដែល

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត សំ សុខនឿន ​ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន SAM SN REALTY ​​បាន​បង្ហើប​ឱ្យ​ដឹង​ថា ​​ចាប់ពី​ឆ្នាំ២០១៩ រហូត​ដល់​បំណាច់​ឆ្នាំ២០២៣ ក្រុមហ៊ុនអចលនទ្រព្យ​មួយ​របស់​លោក​ បាន​​ខាត​អស់​ប្រាក់​ជាង ១​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​លោក​នៅ​តែ​បន្ត​ទិញ​អចលនទ្រព្យ​នៅ​ជាយ​ក្រុង​ទុក​ដដែល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកជំនាញ​អចលនវត្ថុនៅកម្ពុជា​​រូប​នេះ ​​បាន​លើក​ឡើង​លើ​ទំព័រហ្វេសប៊ុក​របស់​ខ្លួន កាលពី​ពេល​ថ្មីៗ​នេះ​ថា ​ពីឆ្នាំ​២០១៩ រហូតដល់បំណាច់ឆ្នាំ២០២៣នេះ ក្រុមហ៊ុនអចលនទ្រព្យរបស់លោក​តែមួយ​ ខាតអស់លុយ ១,១​លាន​ដុល្លារ​ តែបានចំណេញថ្ពាល់ និងក្បាលពោះយ៉ាងធំ។ ក្រៅពីនេះចំណាយផ្សេងៗ សម្រាប់ការរស់នៅ​ទាំងគ្រួសារ​អស់​ប្រហែល ១,៥លានដុល្លារ ដែល​សរុបទឹកប្រាក់​អស់​ប្រមាណជា ២,៦​លានដុល្លារ។

លោក​ឧកញ៉ា​បណ្ឌិត បាន​បន្ត​ថា តែបងប្អូនសង្កេតឃើញលោក​នៅតែបន្តទិញអចលទ្រព្យជាយក្រុងទុកដដែល​ នេះក៏ព្រោះតែលោក​ធ្លាប់បានផលចំណេញ​ដីជាងក្រុង ពីការវិនិយោគ ៩ឆ្នាំមុន ដោយលក់ចេញដី​ដែលបានទិញ​កាលពីឆ្នាំ២០១៤ ហើយលក់ក្នុងដើមឆ្នាំ២០១៩។ មានអ្នកវិនិយោគជាច្រើនណាស់ ដែលកំពុងបន្តទិញដដែល​ នោះបណ្តាលមកពី​គាត់ទាំងនោះភាគច្រើនធ្លាប់បានចំណេញយ៉ាងច្រើនពីអចលនទ្រព្យ។

សម្រាប់​លោក​ឧកញ៉ា​ផ្ទាល់​ នៅ​​តែ​មាន​ទស្សនៈយល់ឃើញថា អ្នកវិនិយោគអចលនទ្រព្យ​នៅ​ពេល​នេះ នឹងទទួល​បានផលចំណេញជាទីគាប់ចិត្តនៅពេលមិនលើសពីរយៈពេល៧ឆ្នាំក្រោយ។ លោក​ឧកញ៉ា​បណ្ឌិត សំ សុខនឿន ក៏​ធ្លាប់​​លើក​ឡើង​ផង​ដែរ​ថា ជាទូទៅវិស័យអចលនទ្រព្យតែងរីកលូតលាស់ឡើងវិញ បន្ទាប់ពីមានការថមថយ ​​ហើយ​សម្រាប់​អ្នក​ដែល​ស៊ូទ្រាំ​ក្នុង​វិស័យ​នេះ ​​នឹង​ទទួល​បាន​ផល​ចំណេញ​ជា​ទីគាប់ចិត្ត​​វិញ​មិន​ខាន នា​ពេល​អនាគត៕