នៅថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤ កម្ពុជាបានប្រារព្ធពិធីបុណ្យជាតិមួយដ៏ធំ គឺការអបអរសាទរខួប៤៥ឆ្នាំ ថ្ងៃជ័យជម្នះ៧មករា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សសរុបជាង ២ម៉ឺននាក់។
ក្នុងពិធីមីទ្ទិញមហាជន អបអរសាទរខួប៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» ក៏មានការអញ្ជើញចូលរួមពីមន្រ្តីអង្គទូត ព្រមទាំងគណបក្សនយោបាយជាច្រើនរយនាក់ផងដែរ។ ទិវាជ័យជម្នះនេះ គឺរំលឹកដល់ថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុលពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហាន របស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ខួបនៃទិវាជ័យជម្នះ ៧មករា នៅឆ្នាំនេះ ប្រារព្ធឡើងក្នុងសភាពការណ៍ដែលកម្ពុជា បានសម្រេចសមិទ្ធផលធំៗថ្មីទៀតលើគ្រប់វិស័យ បន្ទាប់ពីកម្ពុជាបានយកឈ្នះលើសមរភូមិនៃវិបត្តិជំងឺកូវីដ១៩ ដែលបង្កលក្ខណៈឱ្យយើងបានបើក ប្រទេសឡើងវិញចាប់ពីចុងឆ្នាំ ២០២១មក ហើយបាននិងកំពុងបន្តដំណើរទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «សេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញយ៉ាងរហ័ស និងកំពុងឈានទៅរកស្ថានភាពកំណើនដូចមុនគ្រាមានវិបត្តិកូវីដ១៩វិញ, លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស សិទិ្ធមនុស្ស និងនីតិរដ្ឋកាន់តែបានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរ ជាពិសេសការប្រព្រឹត្តទៅដោយជោគជ័យនូវការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានឆ្លុះបញ្ចាំង អំពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា តាមរយៈការចូលរួមដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋ និង ភាពត្រឹមត្រូវតាមច្បាប់នៃការបោះឆ្នោតនេះ»។
ក្នុងថ្ងៃអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានប្រកាសក្តែងៗ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលដែលបានលើកកម្ពស់ភាពធន់ និងវឌ្ឍនភាពរបស់កម្ពុជា។
អ្នកឧកញ៉ាថ្លែងថា៖ «ដោយទទួលស្គាល់នូវការប្តេជាចិត្តដ៏មោះមុតក្នុងវិស័យពាណិជ្ជកម្ម យើងខ្ញុំសូមចងចាំ និងគោរពនូវតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍជាតិ។ យើងរួមគ្នា ហើយជញ្ជឹគគិតពីដំណើររបស់យើង ចាប់ពីស្ថានភាពលំបាករហូតសម្រេចបានសមិទ្ធផលនាពេលបច្ចុប្បន្ន ហើយយើងនៅតែបន្តប្តេជ្ញាក្នុងការរួមចំណែកដល់ការជំរុញភាពរុងរឿង និងឯកភាពជាតិរបស់យើង»។
ពីស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ក្នុងពិធីរំលឹកខួបលើកទី ៤៥ នៃទិវាជ័យជម្នះ ៧ មករា អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប បានថ្លែងថា ថ្ងៃរំដោះ ៧ មករា ១៩៧៩ នៅតែបន្តដក់ជាប់ក្នុងដួងចិត្តរបស់កូនខ្មែរទូទៅ ហើយថា ៧ មករា នាំមកវិញនូវជីវិត សិទ្ធិ សេរីភាព និងការអភិវឌ្ឍ។
ដោយឡែក សម្រាប់ស្ថាប័ន អង្គការ សមាគម ដែលធ្វើការគ្រប់អ្នកមានគោរមងារឧកញ៉ា ការវិនិយោគ អចលនទ្រព្យ គឺសមាគមឧកញ៉ាកម្ពុជារបស់អ្នកឧកញ៉ា លី យ៉ុងផាត់, សមាគមអ្នកសាងសង់កម្ពុជារបស់អ្នកឧកញ៉ា ពុង ឃាវសែ គឺគ្រាន់តែប្រកាសអបអរសាទរលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ក៏មានឧកញ៉ាមួយចំនួនបានក៏បានអញ្ជើញទៅចូលរួមអបអរសាទរដោយផ្ទាល់ក្នុងពិធីមីទ្ទិញមហាជននៃទិវាជ័យជម្នះ ៧មករា នៅមជ្ឈមណ្ឌលកោះពេជ្រ គឺឧកញ៉ា លី ឆេង សមាជិករដ្ឋសភា, ឧកញ៉ា ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា និងឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបេសកកម្មពិសេស ជាដើម៕